យុវជនរងគ្រោះដោយគ្រឿងញៀនចំនួន ១៥៤នាក់បានបញ្ចប់វគ្គជំនាញខ្លី
បាត់ដំបង៖ជាផ្នែកមួយនៃការសន្តោស និងធ្វើសមាហរណកម្មមក ក្នុងសង្គម ពិសេសការបង្កើតមុខរបរបន្ទាប់ពីបានធ្លាក់ខ្លួនជាជន
រងគ្រោះនោះ យុវជន-យុវនារី និងអ្នករងគ្រោះដោយសារគ្រឿង ញៀនចំនួន១៥៤ នាក់ បានបញ្ចប់នូវវគ្គបណ្តុះបណ្តាលរយៈពេលខ្លីទាំងផ្នែកទ្រឹស្តី និងវគ្គជំនាញខ្លី ក្រោយពីពួកគេទទួលបាននូវការ បន្សាបនិងការស្តារនីតិសម្បទាពីមជ្ឈមណ្ឌលបន្សាបស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
អញ្ជើញចូលរួមក្នុងពិធីផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញខ្លីកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាលខេត្ត បាត់ដំបង បានលើកទឹកចិត្តដល់យុវជន-យុវនារី អ្នករងគ្រោះដោយ គ្រឿងញៀនទាំងកំពុងស្នាក់នៅព្យាបាល និងត្រៀមបញ្ចប់វិលត្រឡប់ ទៅជួបជុំក្រុមគ្រួសារក្នុងសហគមន៍របស់ខ្លួនវិញ សូមប្រើចំណេះ ជំនាញនេះកសាងជីវិតជាថ្មីនិងរស់នៅដោយសុចរិត ជាពលរដ្ឋល្អ មានជីវភាពល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានរំលឹកទៀតថាយើងមកទីនេះ គឺសំខាន់ធ្វើការកែប្រែ និងព្យាបាល ដើម្បីបន្សាបនិងស្តារនីតិសម្បទារបស់ខ្លួនឡើងវិញ ហើយត្រូវតែ”ឆ្លើយថា ទេ! ចំពោះគ្រឿង ញៀន”។ឯកឧត្តមក៏បានកោតសរសើរផងដែរ ដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបន្សាបស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបងដែលបានរួមចំណែកយ៉ាងធំធេងក្នុងការជួយ
ដល់ជនរងគ្រោះដោយគ្រឿនញៀន។

តាមការបញ្ជាក់របស់វេជ្ជបណ្ឌិត កែស៊ីនួន ប្រធានមជ្ឈមណ្ឌល បន្សាប ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង បានឱ្យដឹងថា ចាប់តាំងពីមជ្ឈមណ្ឌលបើកដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបានទទួលយកយុវជនយុវនារីនិងអ្នករងគ្រោះដោយ សារ គ្រឿងញៀនមកសម្រាកព្យាបាលបន្សាប និងស្តារនីតិសម្បទាចំនួន ១ ៣០០នាក់(នារី៧២នាក់)។ក្នុងនោះតាមរយៈក្រុមគ្រួសារ អាណា ព្យាបាលចំនួន ៥៨៨នាក់។បច្ចុប្បន្នអ្នកកំពុងកែប្រែ ព្យាបាលបន្សាប និងស្តារនីតិសម្បទាចំនួន ៤២៣នាក់(នារី២៤នាក់)។មជ្ឈមណ្ឌលបាន ផ្តល់ការបណ្ដុះបណ្ដាលលើមុខជំនាញខ្លីចំនួនបីមុខវិជ្ជារួមមាន៖ផ្នែកបន្សាបនិងព្យាបាល ,ផ្នែកអប់រំ បំណិនជីវិតនិងផ្នែកបណ្តុះ បណ្តាលមុខជំនាញនិងវិជ្ជាជីវៈ រយៈពេលខ្លី៕




អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.