រដ្ឋមន្ត្រីកសិកម្មជំរុញឱ្យកសិករបង្កើនការផលិតពូជស្រូវសែនក្រអូប និងផ្កាម្លិះឱ្យបានច្រើន
កំពង់ស្ពឺ៖ឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តផង និងជំរុញផងដល់កសិករនៅខេត្តកំពង់ស្ពឺឱ្យបង្កើនការផលិតពូជស្រូវសែនក្រអូប និងពូជស្រូវផ្កាម្លិះដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅប្រទេស ខណៈបច្ចុប្បន្នពូជស្រូវនេះ កំពុងទទួលបានការចាប់អារម្មណ៍និងមានតម្លៃខ្ពស់។
ការលើកឡើងនេះក្នុងដំណើរពិនិត្យទិដ្ឋភាពជាក់ស្តែងនូវសមត្ថភាព គុណភាព បច្ចេកវិទ្យានិងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ក្នុងនោះនៅរោងម៉ាស៊ីនកិនស្រូវអប្សារារ៉ាយស៍(ខេមបូឌា ឯ.ក)និងរោងម៉ាស៊ីនកិនស្រូវព្រីម្លិះ ខបភើរេសិន ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ។ដំណើរទស្សនកិច្ចនោះក៏បានការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរ។

ឯកឧត្តម ឌិត ឌីណា បានលើកឡើងថា អង្ករផ្កាម្លិះរបស់កម្ពុជាបានជាប់ជ័យលាភីលំដាប់ថ្នាក់ពិភពលោកក្នុងការប្រកួតប្រជែងវេទិកាស្រូវ-អង្ករពិភពលោក៥លើកមកហើយ។ជ័យលាភីនេះគឺដោយសារតែអង្ករកម្ពុជាមានរូបសម្បត្តិប្រវែងគ្រាប់អង្ករល្អស្មើគ្នាពណ៌សភ្លឺរលោងស្អាត ការតុបតែងវេចខ្ចប់អង្ករមានលក្ខណៈទាក់ទាញ ។ក្រោយចម្អិន បាយមានភាពទន់ល្អក្លិនក្រអូបប្រហើរនិងមានឱជារសឆ្ងាញ់។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានគូសបញ្ជាក់បន្ថែមថា ចំណែកពូជស្រូវសែនក្រអូបក៏ជាពូជស្រូវមួយប្រភេទរបស់កម្ពុជាដែលកំពុងទទួលបានការចាប់អារម្មខ្លាំងផងដែរ ប៉ុន្តែកសិករហាក់មិនសូវធ្វើការដាំដុះនោះទេ ដោយសារតែចំណាយពេលវែងនិងហុចផលមិនស័ក្តិសម ។បច្ចុប្បន្នកសិករនិយមដាំដុះស្រូវចម្រុះដែលចំណាយពេលខ្លី ហើយទទួលបានទិន្នផលល្អ ។
ឯកឧត្តម ឌិត ឌីណា ក៏បានជំរុញដល់ម្ចាស់ច្រវាក់ផលិតកម្មឱ្យបង្កើនតម្លៃទីផ្សារស្រូវសែនក្រអូបឱ្យបានខ្ពស់បន្ថែមទៀត ដើម្បីឱ្យកសិករមានទឹកចិត្តក្នុងការពង្រីកការផលិតឱ្យបានច្រើនសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារស្រូវអង្ករ ពិសេសសម្រាប់ការផលិតនាំចេញទៅលក់លើទីផ្សារពិភព៕




ដោយ៖ម៉ុន សំអាត