Kamala Harris ទទួលយកបេក្ខភាពប្រធានាធិបតី ជាផ្លូវការ
បរទេស៖ នៅថ្ងៃសុក្រនេះ ដែលជាថ្ងៃចុងក្រោយ នៃសមាជ ៤ថ្ងៃ របស់គណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានទទួលយកការតែងតាំង ជាបេក្ខភាពប្រធានាធិបតីជាផ្លូវការ ដោយពិធីនេះ ត្រូវបានរៀបចំឡើង នៅទីក្រុង Chicago ចំពោះមុខហ្វូងមនុស្សដ៏ច្រើន ខណៈដែលប៉េងប៉ោង ពណ៌ក្រហម, ស និងខៀវ រាប់ម៉ឺន ត្រូវបានទម្លាក់ ចេញពិដានខាងលើ ជាផ្នែកនៃការអបអរសាទរ ដល់ស្ត្រីវ័យ ៥៩ឆ្នាំ រូបនេះ។
លោកស្រី Kamala Harris បានថ្លែងសន្យាថា នឹងធ្វើជាប្រធានាធិបតី របស់ប្រជាជនអាមេរិកទាំងអស់ ហើយ លោកស្រីបានស្នើឲ្យជឿជាក់លើរូបលោកស្រី ដោយអះអាងថា តម្កល់ប្រយោជន៍ប្រទេសជាតិ មុន ប្រយោជន៍គណបក្ស និងប្រយោជន៍ ខ្លួនឯង។
លោកស្រី បានឆ្លៀត វាយប្រហារ ដោយពាក្យសម្តី លើលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតី អាមេរិក មកពីគណបក្សសាធារណរដ្ឋ ដោយលោកស្រី ហៅលោក ត្រាំ ជាមនុស្សគ្មានភាពប្រាកដនិយម ហើយថា ផលវិបាកធ្ងន់ធ្ងរនឹងកើតមាន បើលោកវិលត្រឡប់ ទៅគ្រប់គ្រងសេតវិមាន សាជាថ្មី។
ប្រសិនបើជាប់ឆ្នោត នាថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ លោកស្រី Kamala Harris នឹងក្លាយជាប្រធានាធិបតី ជាស្ត្រីដំបូង នៅក្នុងប្រវត្តិសាស្ត្រ អាមេរិក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត