សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តអប់រំ ផ្សព្វផ្សាយ ពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ឱ្យបានទូលំទូលាយ

(ភ្នំពេញ)៖ យោងតាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ឱ្យគ្រប់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តអប់រំ ផ្សព្វផ្សាយអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ (CLV-DTA) ឱ្យបានទូលំទូលាយជូនដល់សិស្សនិស្សិត និងប្រជាពលរដ្ឋ ។

នៅក្នុងអង្គគណៈរដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកអំពីសេចក្តីថ្លែងការណ៍ ពិសេសរបស់សម្តេច កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយបានដាក់ចេញ នូវវិធានការអន្តរាគមន៍ និងដោះស្រាយចាំបាច់នានា ចំពោះវិស័យអាទិភាពមួយចំនួន ក្នុងនោះមាន៖ កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព សំដៅផ្តល់ដី សម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ដើម្បីអភិវឌ្ឍនៅនឹងកន្លែង និងផ្តល់ឱកាសជូនប្រជាពលរដ្ឋទាំងនោះ បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារដីរដ្ឋ និងព្រៃឈើ ។

សម្តេចធិបតី បានបញ្ជាក់ថា សម្ដេច បានផ្តួចផ្តើមបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដែលមានគោលដៅ ២ គឺ កៀរគរថវិកាបន្ថែម និងផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅតាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់ ពិសេស លើផ្លូវ ក្រវាត់ព្រំដែន ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្កើតគំនិតផ្តួចផ្តើមពីរទៀត ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាន នោះគឺទី១-ប្រគល់ភារកិច្ច ជូនឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង អភិបាល នៃគណៈអភិបាលខេត្ត ជាប់ព្រំដែនទាំង៤ (CLV-DTA) ក្នុងការរៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយ ឥតគិតថ្លៃ” ចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ និងទី២ គឺប្រគល់ភារកិច្ច ជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកញ្ចប់លើកទឹកចិត្ត ជំរុញការវិនិយោគតំបន់ឦសាន ឱ្យបានចប់សព្វគ្រប់ នៅចុងឆ្នាំ ២០២៤នេះ ដើម្បីចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner