ព្រឹត្តិការណ៍ Pre-Gumball 3000 Rally in Cambodia នឹងរៀបចំឡើងនៅចុងខែសីហានេះនៅខេត្តសៀមរាប
ភ្នំពេញ៖ នៅសាលាខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ មានរៀបចំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំប្រារព្ធព្រឹត្តិការណ៍ Pre-Gumball 3000 Rally in Cambodia នៅខេត្តសៀមរាប រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីចូលរួមជំរុញទេសចរណ៍ក្នុងស្រុក និងជាកម្មវិធីអមព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ។
កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តម គុជ បញ្ញាសា បានបញ្ជាក់ថា ព្រឹត្តិការណ៍ Pre-Gumball 3000 Rally in Cambodia មានរយៈពេល២ថ្ងៃ គឺថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញាខាងមុខ នៅទីតាំងសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប និងអាកាសយានដ្ឋានចាស់។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលនឹងប្រព្រឹត្តិទៅចាប់ថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ឱ្យបានទូលំទូលាយ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រមទាំងដើម្បីចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១” និងជាការជំរុញទេសចរណ៍ក្នុងស្រុក ក៏ដូចជាគាំទ្រយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍។
កម្មវិធីសម្រាប់ព្រឹត្តិការណ៍នេះដែរនៅថ្ងៃទី៣១ ខែសីហា នឹងរៀបចំនៅទីតាំងសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ជាមួយនឹងការដាក់តាំងបង្ហាញរថយន្តសេរីទំនើប ការរៀបចំស្តង់ពិព័រណ៍ផ្សេងៗ រួមនឹងកម្មវិធីប្រគំតន្ត្រីដែលមានការចូលរួមពីសំណាក់តារាល្បីនៃប្រទេសកម្ពុជាជាច្រើន។ បន្តមកសម្រាប់ថ្ងៃទី០១ ខែកញ្ញា នឹងមានរៀបចំកម្មវិធីតាំងបង្ហាញរថយន្ត ឱ្យសាធារណៈជូនចូលទស្សនាដោយសេរីនៅក្នុងទីតាំងអាកាសយានដ្ឋានចាស់ខេត្តសៀមរាប។
ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តបានបង្ហាញការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍នេះ ដែលជាព្រឹត្តិការណ៍ដ៏ធំ និងពិសេសមិនធ្លាប់មាននៅកម្ពុជា ជាព្រឹត្តិការណ៍នៃការជួយជំរុញពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា ពិសេសខេត្តសៀមរាបទៅកាន់ពិភពលោកតាមរយៈការចូលរួមពីបុគ្គលល្បីៗមកពីបណ្ដាប្រទេសនានាដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។លោកក៏បានជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវសហការរៀបចំឱ្យបានល្អ ទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ សោភណភាពនៅតាមទីតាំងរៀបចំកម្មវិធី។ ជាពិសេសត្រូវមានកម្លាំងប្រចាំការជាប្រចាំនៅតាមទីតាំងទាំងនោះ ហើយត្រូវមានក្រុមគ្រូពេទ្យប្រចាំការ ដើម្បីបង្ការនៅពេលមានបញ្ហាអ្វីមួយកើតឡើង។ លោកក៏ស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយទៅដល់សាធារណជនទូទៅឱ្យពួកគាត់បានមកចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានគ្រប់ៗគ្នា ដើម្បីជាការជំរុញកំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋានផងដែរ៕
ដោយ៖មុនី








