ក្រសួងព័ត៌មាន បោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មានដោយឥតគិតថ្លៃដើម្បីជាមូលដ្ឋានគ្រឹះពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជំនឿទុកចិត្ត
(ភ្នំពេញ)៖ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ បន្ទាប់ពីបានចំណាយពេលតាក់តែងចងក្រងជាង៤ខែ, ក្រសួងព័ត៌មាន បានបោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មានចំនួន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មាន យកទៅអាននិងអនុវត្ត ក្នុងគោលបំណងតម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។ ក្រសួងព័ត៌មាននឹងចែកជូនកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះដល់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់ដោយឥតគិតថ្លៃ។
នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទបូកសរុបការងារដឹកនាំក្រសួងព័ត៌មានរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាដែលជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនសម្រេចបានដោយក្រសួងព័ត៌មានក្នុងរយៈពេលមួយឆ្នាំមកនេះ នឹងជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ នេះជាលើកទី១ ដែលកម្ពុជាមានធម្មនុញ្ញក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈដែលត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នេះ មិនមែនជាក្រមសីលធម៌ធម្មតានោះទេ ប៉ុន្តែ វាជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលសមាគម និងអង្គភាពសារព័ត៌មានអាចយកជាមូលដ្ឋានក្នុងការពង្រីកនិងបង្កើតជាក្រមសីលធម៌សម្រាប់ការអនុវត្តសម្រាប់សមាគម អង្គភាពសារព័ត៌មានរបស់ខ្លួន។ ចំណុចនេះជាមូលដ្ឋានរួមដែលមិនអាចនរណាម្នាក់បកស្រាយផ្សេងពីគ្នាបាននោះទេ ប៉ុន្តែ ត្រូវឈរនៅលើមូលដ្ឋានគោលការណ៍រួមតែមួយ។
ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយនិងបរិយាបន្ន ចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤មក ដោយមានការចូលរួមយ៉ាងច្រើនពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងអង្គការដៃគូ ក្នុងការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ យ៉ាងទូលំទូលាយ ព្រមទាំងបានផ្តល់នូវធាតុចូលសម្រាប់ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។
មានវិសាលភាពអនុវត្តចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកម្ពុជា សម្រាប់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអង្គភាពផ្សេងៗទៀត។
ក្រោយពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, សមាគមសារព័ត៌មានជាច្រើបានបង្ហាញពីការគាំទ្រដោយបានលើកឡើងថា មូលដ្ឋានគ្រឹះនៃធម្មនុញ្ញាវិជ្ជាជីវៈសារព័ត៌មាននេះ បានបង្ហាញនូវខ្លឹមសារដ៏សំខាន់ពាក់ព័ន្ធជាមួយក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានសម្រាប់យកទៅអនុវត្តក្នុងបេសកកម្មប្រកបអាជីពក្នុងវិស័យសារព័ត៌មាន ដើម្បីធ្វើការចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយដោយត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគុណភាព។
សូមបញ្ជាក់ថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» បានផ្តើមរៀបចំចងក្រងកាលពីខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមផ្តល់មតិយោបល់ពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គការ UNESCO និងអ្នកពាក់ព័ន្ធផ្សេងទៀត។ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នេះ មានកម្រាស់ ១៤ទំព័រ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាបែងចែកជា ៤ជំពូកធំៗ និងមាន៧ផ្នែកក្នុងជំពូកទី២ ដែលនិយាយពីគោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន៕ ប្រភព ក្រសួងព័ត៌មាន