នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរ ដែលបង្កលក្ខណៈងាយស្រួល ដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានសមិទ្ធផលធំធេង សម្រាប់ជាតិ និងពលរដ្ឋ

(ភ្នំពេញ)៖ យោងតាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅក្នុងអង្គគណៈរដ្ឋមន្ត្រី ថា សម្តេច និងគណៈរដ្ឋមន្ត្រីទាំងមូល សាទរចំពោះសមិទ្ធផលធំធេង ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាន ក្នុងរយៈពេលមួយឆ្នាំដំបូង ជាពិសេស កម្មវិធីគោលនយោបាយ អាទិភាព ៦ចំណុច និងវិធានការ គន្លឹះ៥ ដើម្បីឈានទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

សម្តេចធិបតី បានគូសបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាប់ផ្តើមក្នុងបរិបទនៃ ការវិវត្តអន្តរជាតិដ៏ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន យ៉ាងណាក៏ដោយ ក៏កម្ពុជា បាននិងកំពុងបន្តដំណើរក្នុងគន្លង មួយប្រកបដោយភាពវិជ្ជមាន និងសម្រេចបានសមិទ្ធផល ជាច្រើនជូនប្រជាពលរដ្ឋ។ ជាក់ស្តែង កម្ពុជា រក្សាបាន នូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយក៏បានបន្តពង្រឹងនិងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយថែមទាំងបានដំឡើងកម្រិត ទំនាក់ទំនង ជាមួយបណ្តាប្រទេសមួយចំនួនថែមទៀត ដូចជា «ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយជប៉ុន «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយថៃ និងកូរ៉េខាងត្បូង។

ទន្ទឹមនឹងនោះ កម្ពុជា ក៏បានឯកភាពជាមួយប្រទេសបារាំង ក្នុងការពង្រីកទំនាក់ទំនងបន្ថែមដើម្បីឈានទៅរកភាពជា «ដៃគូយុទ្ធសាស្ត្រ» នាពេលខាងមុខ។

សម្តេចធិបតី បញ្ជាក់ថា ក្នុងវិស័យសេដ្ឋកិច្ចវិញ រាជរដ្ឋាភិបាល សម្រេចបានកំណើន ៥% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថា នឹងកើនដល់ក្នុងរង្វង់ ៦% ក្នុងឆ្នាំ២០២៤នេះ។ ចំណែកឯ គម្រោងហេដ្ឋារចនាសម្ព័ន្ធនិង គមនាគមន៍ធំៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុបំណងកំពត ត្រូវបានសាងសង់ រួចរាល់ ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ដូចជា ព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជាដើម។ សម្តេចសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះ សបញ្ជាក់ថា រាជរដ្ឋាភិបាល ដើរលើគន្លងដ៏វិជ្ជមាន ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះមន្ត្រីអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបំពេញភារកិច្ចបានយ៉ាងល្អ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានសមិទ្ធផលធំធេង សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ ។

ទោះជាយ៉ាងនេះក្តី សម្ដេចប្រមុខរាជរដ្ឋាភិបាល បានគូសរំលេចថា យើងនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវបំពេញនាពេលខាងមុខ ដើម្បីសម្រេច ឧត្តមប្រយោជន៍ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner