ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យបញ្ចេញម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ ដើម្បីលុបបំបាត់ជម្រកមូសខ្លាឱ្យបានទាន់ពេលវេលា ការពារសុខុមាលភាពជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើសុខទុក្ខនិងសុខមាលភាពប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញចាត់ចែងក្រុមការងារចុះ​បាញ់ថ្នាំសម្លាប់មូសជាបន្ទាន់ ពោលគឺបាញ់នៅល្ងាចនិងព្រលប់ថ្ងៃទី ២៣ ខែសីហា នេះតែម្តង ដោយប្រើប្រាស់ប្រភេទរថយន្តដឹកម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ ដើម្បីលុបបំបាត់ជម្រកមូសខ្លាឱ្យបានទាន់ពេលវេលា ការពារសុខុមាភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យប្រធានមន្ទីរសុខាភិបាល ចាត់ចែងក្រុមការងារ បាញ់ថ្នាំសម្លាប់មូសខ្លានៅតំបន់និងទីតាំងសំខាន់ៗ ជាច្រើនកន្លែងបន្ថែមទៀត ពិសេសនៅភាគខាងជើង ភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានដូចជា នៅតំបន់អគ្គីសនីកម្ពុជាបឹងកក់ ស្ថិតក្នុងខណ្ឌទួលគោក ប្រឡាយអូបាក់ទូក ប្រឡាយអូវែង ប្រឡាយ១៩២៨ ដល់ទំនប់កប់ស្រូវ តំបន់សាកលវិទ្យាល័យអេស៉ីលីដា តំបន់ឡានទឹកនៃស្នងការនគរបាលរាជធានី ក្នុងខណ្ឌឬស្សីកែវ ប្រឡាយទួលសំពៅ និងប្រឡាយអូអាកុជ ស្ថិតនៅខណ្ឌសែនសុខជាដើម ។

លោក ងី មានហេង បានបញ្ជាក់ឱ្យដឹងផងដែរថា ៖យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្ដើមដំណើរការ កាលពីថ្ងៃទី១៧ សីហា ដោយគ្រោងនឹងបញ្ចប់នៅទូទាំង១០៥សង្កាត់ នាថ្ងៃទី ២៦ ឬថ្ងៃទី ២៧ខែសីហាខាងមុខនេះ។

លោកបញ្ជាក់ទៀតថា មកដល់ថ្ងៃទី ២៣ខែសីហាឆ្នាំ ២០២៤នេះ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លានេះ បានបាញ់រួចរាល់ នៅខណ្ឌចំនួន៨ហើយ ដោយក្រុមការងារនឹងបន្តបាញ់ចំនួន ៦ខណ្ឌទៀត ឱ្យបានចប់រួចរាល់តាមផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ថា តាមរយៈយុទ្ធនាការ បាញ់ថ្នាំសម្លាប់មូសខ្លានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេលប៉ុន្មានថ្ងៃមកនេះ ទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម ៕

ដោយ ៖ ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner