រដ្ឋ និងឯកជន បង្កើតសន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូង ដើម្បីផ្តល់ប្រយោជន៍ដល់អ្នកអប់រំនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយវិស័យឯកជន បង្កើតសន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូង ដើម្បីផ្តល់ប្រយោជន៍ដល់អ្នកអប់រំនៅកម្ពុជា ក្នុងគោលដៅអភិវឌ្ឍន៍វិជ្ជាជីវៈបង្រៀន ជូនដល់លោកគ្រូ-អ្នកគ្រូ ទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ប្រមាណជាង ១៥០០នាក់ ខណៈសន្និសីទនេះក៏ផ្តល់នូវវេទិកាជូនអ្នកអប់រំ សម្រាប់ភាពច្នៃប្រឌិត កិច្ចសហការ និងការផ្លាស់ប្តូរការអនុវត្តដែលល្អបំផុត ។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវត្ថុនៅក្នុងវិស័យអប់រំដែលរាជរដ្ឋាភិបាល រួមជាមួយវិស័យឯកជន កំពុងខិតខំ គឺដើម្បីគុណភាពសម្រាប់សិស្ស-និស្សិត ក្នុងនោះសិស្ស-និស្សិត ដែលមានគុណភាព កម្ពុជា ត្រូវតែមានធនធានមនុស្សខ្លាំង ជាពិសេស លោកគ្រូអ្នកគ្រូ, ទោះបីពួកគាត់មានចំណេះដឹងរួចហើយ ប៉ុន្តែត្រូវតែបំពេញបន្ថែម ដើម្បីផ្ទេរចំណេះដឹងទៅដល់សិស្ស-និស្សិត ព្រោះនៅក្នុងសត្សវត្សទី ២១ នេះ បានកំពុងចូលមកជំនួសនូវភារកិច្ច និងការងារជាច្រើន។
ឯកឧត្តមបណ្ឌិត បានបន្តថា បញ្ហានេះ ការដាក់បញ្ចូលឌីជីថល និងបច្ចេកវិទ្យាក្នុងកម្មវិធីសិក្សា គឺជាសក្តានុពលដ៏មានសារៈសំខាន់ ដែលក្រសួងអប់រំ បានដាក់ចូលទៅក្នុងកម្មវិធីសិក្សារួចហើយ ដើម្បីប្រែក្លាយការសិក្សាពីថ្នាក់រៀន សម្រាប់អនុវត្តន៍នៃការដោះស្រាយបញ្ហារវាងគ្រូបង្រៀន និងសិស្ស ឱ្យកាន់តែមានប្រសិទ្ធភាព ជាក់ស្តែងការចូលរួមរបស់លោកគ្រូ-អ្នកគ្រូ ទាំង គ្រឹះស្ថានសិក្សារដ្ឋ និងគ្រឹះស្ថានសិក្សាឯកជននៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនចំណេះដឹងថ្មីៗបន្ថែម ដើម្បីជំរុញផលិតធនធានមនុស្សសម្រាប់កម្ពុជាទាំងមូល ។
ជុំវិញការរួមបញ្ចូលឌីជីថល និងបច្ចេកវិទ្យានេះ, អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលីជេ អេឌ្យូខេសិន លើកឡើងថា ប្រទេសជិតខាង និងនៅក្នុងតំបន់ បានវិវត្តន៍ទៅដល់ឌីជីថលរួចហើយ តែសម្រាប់កម្ពុជា, បច្ចុប្បន្នប្រព័ន្ធអ៊ិនធើណេតក៏បាននិងកំពុងគ្រប់ដណ្តប់ទូទាំងប្រទេសជាបណ្តើរៗ ដូច្នេះតាមរយៈការជំរុញបញ្ចូលឌីជីថល និងបច្ចេកវិទ្យា គឺជារឿងចំបាច់ ដើម្បីជួយលើកកម្ពស់ដល់វិស័យអប់រំ ជាពិសេសគ្រូបង្រៀនឱ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីជំរុញបង្កើតធនធានមនុស្សឱ្យកាន់តែខ្លាំងក្លា ។
អ្នកឧកញ៉ា បានបន្តថា នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា មិនទាន់មានសន្និសីទ នៃការបង្រៀនថ្នាក់ជាតិ (NTC) នេះនៅឡើយទេ។ ដូច្នេះហើយទើបនៅថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៤ តាមរយៈក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានសម្រេចបង្កើតកម្មវិធីខាងលើ ដើម្បីផ្តល់ផលប្រយោជន៍ដល់អ្នកអប់រំ គ្រូបង្រៀន និងបញ្ញវន្តខ្មែរ ដោយពួកគេនឹងក្រេបជញ្ជក់ចំណេះដឹងគ្នាទៅវិញទៅមករវាងអ្នកចូលរួម និងឥស្សរជនជាន់ខ្ពស់នៅក្នុងវិស័យអប់រំ ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅក្នុងពិភពលោកដែលពោរពេញទៅដោយការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតល្មួតជាមួយនឹងបច្ចេកវិទ្យា។ ម្យ៉ាងក៏ផ្តោតលើការធ្វើឱ្យទំនើបកម្មនៃវិធីសាស្រ្តបង្រៀន ការបង្កើតបរិយាកាសសិក្សាប្រកបដោយបរិយាបន្នសម្រាប់សិស្សានុសិស្ស និងរួមបញ្ចូល និងដោះស្រាយបញ្ហាប្រឈម និងដំណោះស្រាយនៅក្នុងវិស័យអប់រំនៅកម្ពុជា ។
សូមជម្រាបថា ក្នុងសន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) ក៏មានទស្សនាស្តង់ពិព័រណ៍របស់អ្នកឧបត្ថម្ភកម្មវិធី ដែលបង្ហាញពីបច្ចេកវិទ្យា និងធនធានអប់រំចុងក្រោយបង្អស់របស់ក្រុមហ៊ុន និងស្ថាប័នរបស់ពួកគេ ក្នុងនោះក៏មានការចូលរួមពីស្តង់របស់ក្រុមហ៊ុនអប្សរាព័ត៌មាន (AMS Media Service) ផងដែរ ក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងវិស័យអប់រំជាតិ និងអន្តរជាតិ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងកម្មវិធីសិក្សា។ ក្នុងនោះ ក៏មានការស្វែងយល់បន្ថែមពីការប្រើប្រាស់បច្ចេកវិទ្យា និងឌីជីថល ពីអ្នកឧបត្ថម្ភកម្មវិធីមកពីគ្រប់វិស័យ រួមមាន៖ វិស័យអប់រំ គ្រឹះស្ថានបោះពុម្ព ចំណីអាហារ ឌីជីថល និងបច្ចេកវិទ្យា ដឹកជញ្ជូន ធនាគារ និងហិរញ្ញវត្ថុជាដើម ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ