យន្តហោះអ៊ីស្រាអែល ១០០គ្រឿង វាយប្រហារ២៧០កន្លែង នៅលីបង់
បរទេស៖ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយ កាលពីថ្ងៃអាទិត្យថា យន្តហោះយោធាអ៊ីស្រាអែល ចំនួន១០០គ្រឿងទើបបានវាយប្រហារទីតាំង ជាង២៧០កន្លែង នៅភាគខាងត្បូង ប្រទេសលីបង់ សំដៅលើក្រុម Hezbollah។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Daniel Hagari បានបន្ថែមថា ខ្លួនបានបំផ្លាញគ្រាប់រ៉ុក្កែត របស់ពួក Hezbollah រាប់ពាន់ និងរារាំងការវាយប្រហារដ៏ធំមួយ របស់ក្រុមនេះ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រាប់គណៈរដ្ឋមន្ត្រី នាពេលថ្មីនេះថា ការវាយប្រហារប្រឆាំងនឹងក្រុម Hezbollah គឺគ្មានទីបញ្ចប់។ ក្រុម Hezbollah ដែលមានអ៊ីរ៉ង់គាំទ្រពីក្រោយ តែងតែដោះដូរការបាញ់ប្រហារឆ្លងព្រំដែន ជារៀងរាល់ថ្ងៃ ជាមួយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីផ្ទុះសង្គ្រាមនៅហ្គាហ្សា រយៈពេលជាង១០ខែមកនេះ។ ពួកគេនិយាយថា ជាការគាំទ្រដល់ក្រុមហាម៉ាស់ ដែលជាសម្ព័ន្ធមិត្តប៉ាឡេស្ទីន របស់ខ្លួន។
ប៉ុន្តែការភ័យខ្លាចសង្គ្រាម ក្នុងតំបន់ កាន់តែទូលំទូលាយ បន្ទាប់ពីការវាយប្រហារ នៅចុងខែកក្កដា ស្លាប់មេដឹកនាំហាម៉ាស់ និង មេបញ្ជាការកំពូល Hezbollah ដោយគេជឿថា ជាស្នាដៃរបស់អ៊ីស្រាអែល។ ទាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តបានប្តេជ្ញាសងសឹកនឹងអ៊ីស្រាអែល ចំពោះការស្លាប់បុគ្គលទាំងពីររូបនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត