រដ្ឋបាលខេត្តបាត់ដំបង៖ ល្បែងស៊ីសងអនឡាញខុសច្បាប់ដាច់ពូជ ខណៈក្រុមការងារពិសេសរំលឹកឱ្យទប់ស្កាត់ជាប្រចាំ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៤ និងស្របតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការធ្វើបច្ចុប្បន្នភាពអំពីអាជីវកម្មល្បែងឆ្នោតផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ , រដ្ឋបាលខេត្តបានចុះស្រង់ទិន្នន័យនិងធ្វើបច្ចុប្បន្នភាព ដោយបានរកឃើញ អាជីវកម្មល្បែងស៊ីសងអនឡាញខុសច្បាប់ចំនួន ៣២៤ ទីតាំងហើយត្រូវបានបិទទាំងស្រុង។ឯកឧត្តមបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសប្រជុំការងារជាមួយប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនៅសាលាខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងករណីល្បែងស៊ីសងតាមអនឡាញដដែលនេះ ឯកឧត្តម សុខ លូ បន្តថា អនុវត្តអនុសាសន៍និងការណែនាំ រដ្ឋបាលខេត្តបាត់ដំបងបានចុះស្រង់ទិន្នន័យនិងធ្វើបច្ចុប្បន្នភាព រួចបានរកឃើញមានចំនួន៩ក្រុមហ៊ុន និងមាន ៣២៦ទីតាំង ដែលបានបើកអាជីវកម្មល្បែងស៊ីសងអនឡាញ។ក្នុងនោះមានតែ២ទីតាំងប៉ុណ្ណោះ ដែលមានអាជ្ញាបណ្ណសាខា។ប៉ុន្តែអាជីវកម្មល្បែងស៊ីសងអនឡាញ ខុសច្បាប់ទាំងអស់នេះត្រូវបានបិទទាំងស្រុង ចំនួន ៣២៤ទីតាំង។បច្ចុប្បន្នមានតែអាជីវកម្មល្បែងស៊ីសងអនឡាញ ដែល មានអាជ្ញាបណ្ណសាខា ចំនួនមួយទីតាំងតែប៉ុណ្ណោះ ដែលនៅបន្តដំណើរការអាជីវកម្ម គឺក្រុមហ៊ុន ឌីម វីន ខបភើរេសិន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងមួយទីតាំងផ្សេងទៀតបានបិទមិនដំណើរការទៀតទេ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានក្រើនរំលឹកដល់រដ្ឋបាលខេត្តបាត់ដំបងនិងគ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង១៤ គ្រប់កងកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធត្រូវធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យកើតមាននូវអាជីវកម្មល្បែងស៊ីសងអនឡាញខុសច្បាប់ ដែលអាចបើកដំណើរការឡើងវិញបានក្នុងមូលដ្ឋានរបស់ខ្លួនឱ្យសោះ ខណៈនៅក្នុងខែកក្កដាកន្លងទៅនេះ ក្រុមការងារពិសេសបានរកឃើញ មានការរីករាលដាលឡើងវិញនូវទីតាំងអាជីវកម្មល្បែងស៊ីសងអនឡាញខុសច្បាប់៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប