រដ្ឋមន្ដ្រីក្រសួងកសិកម្ម សាទរក្រុមហ៊ុនសិប្បករអង្គរ ក្នុងការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ
(ខេត្តសៀមរាប)៖ ឯកឧត្តម ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីទី២៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ដើមមនចំនួន ១ ០០០ដើម ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ រហូតក្រុមហ៊ុនអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ ។
បន្ទាប់ពីបានទស្សនាលំហូរ នៃសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ដ្រីបានសម្ដែងការសាទរចំពោះក្រុមហ៊ុន ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ។ ផលិតផលសូត្រមានតម្លៃខ្ពស់ ព្រោះដំណើរការផលិតនៅមានលក្ខណៈប្រពៃណីច្រើន។ ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថា ក្រុមហ៊ុននឹងបន្តអភិវឌ្ឍដំណើរការផលិតសូត្រឱ្យកាន់តែប្រសើរឡើង ទាំងផ្នែកបច្ចេកទេស និងបរិក្ខារ ហើយក្រសួងនឹងបន្តគាំទ្រទៅតាមលទ្ធភាព លើផ្នែកដាំដុះ និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួង ។
ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថា វិស័យតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ និយាយដោយឡែក និងនៅកម្ពុជា និយាយជារួម នឹងរីកចម្រើនថែមទៀតនាពេលអនាគត។ ការរីកចម្រើននៃវិស័យតម្បាញសូត្រ នឹងអាចជួយផ្ដល់ការងារបន្ថែមដល់កសិករដាំដើមមនសម្រាប់ផ្គត់ផ្គង់ដល់ការចិញ្ចឹមដង្កូវនាង និងសិប្បករតម្បាញសូត្រ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងរួមចំណែកដល់ការថែរក្សាសិប្បកម្មតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យបានស្ថិតស្ថេរគង់វង្ស ។
គួរបញ្ជាក់ជូនថា ក្រៅពីការទស្សនកិច្ចចម្ការដើមមន និងសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ ឯកឧត្តមរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំ ព្រមទាំងតំណាងក្រុមហ៊ុនសិប្បករអង្គរ បានអញ្ជើញដាំដើមមនរួមគ្នាផងដែរ ៕
ប្រភព ៖ ក្រសួងកសិកម្ម