ឯកអគ្គរាជទូតអូស្ត្រាលី៖ កម្ពុជាជាប្រទេសដែលមានសារៈសំខាន់និងមានឥទ្ធិពលនៅក្នុងសហគមន៍អាស៊ាន
ភ្នំពេញ៖ ឯកឧត្ដម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានចាត់ទុកកម្ពុជាជាប្រទេសដែលមានសារៈសំខាន់ និងមានឥទ្ធិពលនៅក្នុងសហគមន៍អាស៊ាន ហើយបានកោតសរសើរកម្ពុជាមានការរីកចម្រើនលឿន ហើយបានរំដោះខ្លួនពីភាពក្រីក្រ និងមានការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ច។
ការបញ្ជាក់នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជូនសារតាំងដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមអគ្គរាជទូត បានជម្រាបជូនសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ថា អូស្រ្តាលី តែងបានចាត់ទុកទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជា ជាកិច្ចការសំខាន់ និងមានអាទិភាព ដោយសារតែប្រទេសកម្ពុជា និងអូស្រ្តាលី មានប្រវត្តិទំនាក់ទំនងយូរអង្វែង និងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ឯកឧត្តម បានបន្តថា លោកជំទាវ Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី តែងតែផ្តល់អាទិភាព និងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងទ្វេភាគី អូស្រ្តាលី-កម្ពុជា ដែលជាសមាជិកសំខាន់ និងមានឥទ្ធិពលរបស់អាស៊ាន និងទំនាក់ទំនងជាមួយអាស៊ានផងដែរ ដោយសារតែអូស្រ្តាលី គឺជាដៃគូសន្ទនាដំបូងគេបំផុតរបស់អាស៊ាន ហើយឆ្នាំនេះ គឺជាខួបអនុស្សាវរីយលើកទី ៥០ នៃទំនាក់ទំនងភាពជាដៃគូសន្ទនា អាស៊ាន-អូស្រ្តាលី។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសអូស្ត្រាលី មានផលប្រយោជន៍ជាច្រើនជាមួយកម្ពុជា ហើយឯកឧត្តមសន្យាថា និងជំរុញបន្ថែមទៀតដល់អ្នកពាក់ព័ន្ធនានាចូលមកប្រទេសកម្ពុជា ដើម្បីជួយជំរុញនិងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ។
ឯកឧត្តមបានលើកឡើងថា អូស្ត្រាលី មានមោទនភាព ដែលបានចូលរួមជួយកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយអូស្ត្រាលី ចាត់ទុកកម្ពុជា ជាដៃគូសំខាន់ និងស្ថិតនៅក្នុងបេះដូងរបស់ប្រទេសអូស្ត្រាលី។ ឯកឧត្តមអគ្គរាជទូត ក៏បានកោតសរសើរផងដែរថា កម្ពុជាមានការរីកចម្រើនលឿន ហើយបានរំដោះខ្លួនពីភាពក្រីក្រ។ ដោយឯកឧត្តម សម្លឹងឃើញថា កម្ពុជា មានវិស័យជាច្រើន ដែលអូស្ត្រាលី អាចធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ ដូចដែលបានធ្វើកន្លងមក ដូចជាវិស័យសេដ្ឋកិច្ច សុខាភិបាល កសិកម្ម អប់រំ សន្តិសុខ និងការពារជាតិ បោសសំអាតមីន…។ល។ ឯកឧត្តមសន្យាថា ស្ថានទូត និងធ្វើការជាមួយអ្នកវិនិយោគរបស់អូស្ត្រាលី ដើម្បីកំណត់កាលានុវត្តភាព នៅក្នុងវិស័យ ដែលមានសក្ដានុពល ដើម្បីជួយកម្ពុជា ឱ្យមានកំណើនសេដ្ឋកិច្ចថែមទៀត។
ជាកិច្ចឆ្លើយតប សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានអរគុណឯកឧត្តមអគ្គរាជទូត ចំពោះសេចក្តីរាយការណ៍អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី។ សម្តេចតេជោ ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលលីទាំងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអាស៊ាន។ សម្តេចតេជោ បានរំលឹកថា ប្រទេសកម្ពុជាចងចាំ និងមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយប្រទេស អូស្រ្តាលី ដោយសារតែអូស្រ្តាលី គឺជាប្រទេសដែលទទួលស្គាល់ឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា មុនគេក្នុងឆ្នាំ១៩៥២ គឺមុនពេលកម្ពុជាបានឯករាជ្យនៅឆ្នាំ១៩៥៣ ទៅទៀត។ អូស្រ្តាលី ក៏ជាប្រទេសនាំមុខប្រកាសមិនទទួលស្គាល់ពួកខ្មែរក្រហម ក្នុងអង្គការសហប្រជាជាតិផងដែរ ខណៈប្រទេសធំៗមួយចំនួន ដែលអួតអាងពីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តែទទួលស្គាល់ពួកខ្មែរក្រហមទៅវិញ។ រហូតដល់ការស្វែងរកសន្តិភាពនៅកម្ពុជា ថ្នាក់ដឹកនាំអូស្រ្តាលី ក៏ខិតខំចូលរួមចំណែកសម្របសម្រួលជាច្រើនដំណាក់កាល រហូតកម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា មិនមានប្រទេសច្រើនទេក្នុងពិភពលោក ដែលយល់ព្រមសហការជាមួយប្រទេសផ្សេងតាក់តែងសៀវភៅ ស ការពារជាតិ ប៉ុន្តែប្រទេសយើង គឺទុកចិត្តគ្នា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណអូស្រ្តាលី ដែលបានជួយបង្ហាត់បង្រៀនភាសាអង់គ្លេសដល់កងទ័ពមួកខៀវ មុនចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាព នៅបរទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សម្តេចតេជោ បន្តទៀតថាកន្លងមក អូស្រ្តាលី ក៏បានជួយកម្ពុជា ក្នុងវិស័យបោសសម្អាតមីន ដូច្នេះសូមបន្តជួយលើវិស័យនេះបន្ថែមទៀត ដើម្បីកម្ពុជា សម្រេចបានគោលដៅ “កម្ពុជា គ្មានមីន ឆ្នាំ២០២៥”។ ក្នុងឱកាសនោះ សម្តេច ក៏បានអញ្ជើញភាគីអូស្រ្តាលី ចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ប្រទេសកម្ពុជា ដែលកំពុងតែខិតខំបោសសម្អាតមីន និងកាកសំណល់មិនទាន់ផ្ទុះពីសង្រ្គាម ក្នុងប្រទេសខ្លួនឯងផង បាននិងកំពុងជួយបង្ហាត់បង្រៀនវិធីសាស្រ្តបោសសម្អាតមីនដល់ប្រទេសដទៃផង (ដូចជាកូឡុំប៊ី, អ៊ុយក្រែន) និងបានបញ្ជូនកងទ័ពទៅដោះមីន នៅប្រទេសកំពុងមានជម្លោះផង ប៉ុន្តែគឺធ្វើក្រោមឆ័ត្រអង្គការសហប្រជាជាតិតែប៉ុណ្ណោះ។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ពីចំនួន ៤៥ មក៦២នាក់។ ក្រៅពីនិស្សិតទួលបានអាហារូបករណ៍ ក៏មាននិស្សិតកម្ពុជាជាច្រើនទៀត ក៏បានសម្រេចចិត្តទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ដោយសារតែអូស្រ្តាលី នៅជិតជាងប្រទេសអឺរ៉ុប និងអាមេរិក, មានគុណភាពអប់រំខ្ពស់ និងមានវប្បធម៌រស់នៅប្រហាក់ប្រហែលវប្បធម៌អាស៊ី ដែលអាណាព្យាបាលភាគច្រើនពេញចិត្ត។
ចំពោះវិស័យពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគវិញ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា អូស្រ្តាលី បានជួយកម្ពុជាលើការងារជាច្រើន ប៉ុន្តែការវិនិយោគរបស់អូស្រ្តាលី គឺមានកម្រិតទាបនៅឡើយ។ សម្តេចតេជោ ស្នើអគ្គរាជទូតថ្មីខិតខំជំរុញអ្នកវិនិយោគអូស្រ្តាលី មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជា ដែលមានវិស័យសក្តានុពលជាច្រើន។ សព្វថ្ងៃនេះ មានក្រុមហ៊ុនអូស្រ្តាលី កំពុងចម្រាញ់រ៉ែមាស នៅក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានដំណើរការល្អ។ សម្តេចតេជោ បានប្រាប់ទៅអគ្គរាជទូតអូស្រ្តាលី ទៅទស្សនាក្រុមហ៊ុនអូស្រ្តាលី នៅមណ្ឌលគិរី និងទស្សនាខេត្ត-ក្រុងកម្ពុជាទាំងអស់ ដោយសារតែពេលនេះកម្ពុជាមានសន្តិភាព ហើយផ្លូវថ្នល់ក៏ល្អប្រសើរជាងមុនឆ្ងាយណាស់ និងមិនត្រូវស្ទាក់ស្ទើរក្នុងការជួបពិភាក្សាជាមួយរដ្ឋមន្រ្តី ឬអាជ្ញាធរកម្ពុជាឡើយ ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនេះ ឱ្យបានធំ និងរឹងមាំ ដើម្បីធ្វើជាកំណល់ដល់ទំនាក់ទំនងនយោបាយដែលធំ និងរឹងមាំដូចគ្នា។ ជោគជ័យ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា-អូស្រ្តាលី ក្នុងបេសកកម្មការទូតនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា