ការលាបពណ៌កិច្ចសហប្រតិបត្តិការ CLV បានក្លាយទៅជាឱកាសបង្ហាញទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋ
រយៈពេលប្រមាណ១ខែកន្លងមកនេះ ក្រុមប្រឆាំងបានរំលេចឡើងនូវព័ត៌មានប្រឌិតថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលហៅកាត់ថា CLV បានធ្វើឱ្យខ្មែរខាតបង់ដី៤ខេត្តទៅវៀតណាម។ សកម្មភាពក្រុមប្រឆាំងបានព្យាយាមញុះញង់ពលរដ្ឋឱ្យចូលរួមធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ ទន្ទឹមនេះ ក្រុមនេះបានស្វែងរកគ្រប់មធ្យោបាយបង្កឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកនិងនៅក្រៅប្រទេសផ្ទុះកំហឹងចូលរួមសកម្មភាពដុតសេដ្ឋកិច្ចខ្មែរឱ្យដាំក្បាលចុះ។ នៅទីបំផុតគម្រោងបាតុកម្មថ្ងៃទី១៨សីហា របស់ក្រុមនេះ ត្រូវបានបរាជ័យ។
ផ្ទុយទៅវិញចលនាលាបពណ៌ឱ្យកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍នៅភូមិភាគឦសាននេះ វាបានក្លាយទៅជាការបង្កើតឱកាសមួយទៅវិញ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពបង្ហាញអំពីមនសិការស្នេហាជាតិ ស្នេហាទឹកដី ហើយអាចបង្ហាញឆន្ទៈចូលរួមចំណែកកសាងនិងការពារព្រំដែនជាមួយរាជរដ្ឋាភិបាល។
មនសិការរបស់ប្រជាពលរដ្ឋនេះ បានបង្ហាញឡើងតាមរយៈមិនជឿការញុះញុង អូសទាញរបស់ក្រុមប្រឆាំងឱ្យចូលរួមធ្វើបាតុកម្ម ធ្វើបដិវត្តន៍ពណ៌ ក្នុងរូបភាពដុតបំផ្លាញសេដ្ឋកិច្ចជាតិ និងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីសំឡេងឆ្នោតប្រជាពលរដ្ឋ។ ឆន្ទៈរបស់ប្រជាពលរដ្ឋនេះ បានបង្ហាញឡើងតាមរយៈចលនាផុលផុសចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់លើការកសាងផ្លូវក្រវាត់ព្រំដែន ឆ្លើយតបចំពោះការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាល។
យោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ ខែសីហាមកដល់រសៀលថ្ងៃទី២៩សីហា មានចំនួនមនុស្សដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនមកចូលមូលនិធិមានជិត២០ម៉ឺននាក់ មានទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ ជាមួយនឹងទឹកប្រាក់សរុបជាង១១លានដុល្លារ។ ទឹកចិត្តរបស់ប្រជាពលរដ្ឋនេះ បានធ្វើឡើងដែលក្នុងនោះរួមមានចំនួនទឹកប្រាក់បរិច្ចាគមានទំហំចាប់ពី១ពាន់រៀល, ២ពាន់រៀល ឬ ៥ពាន់រៀលឡើង ខណៈខ្លះជាប្រាក់ដុល្លារ ចាប់តាំងពី១ដុល្លារ, ៥ដុល្លារឡើងរហូតដល់លានដុល្លារ។ បរិមាណទឹកប្រាក់បរិច្ចាគ ដែលចូលរួមពីប្រជាពលរដ្ឋខ្មែរនេះ នឹងកើនឡើងជាបន្តទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការកំណត់បង្គោលសីមារបស់កម្ពុជានិងឡាវ សម្រេចបាន៨៦% ហើយ នៅសេសសល់ ១៤% ដែលអាចនឹងបញ្ចប់ការបោះបង្គោលព្រំដែននៅក្នុងអាណត្តិទី៧ របស់រដ្ឋាភិបាលកម្ពុជានេះ។ ដោយឡែកគិតមកដល់ឆ្នាំ២០២២ ការបោះបង្គោលព្រំដែនរវាងកម្ពុជាជាមួយវៀតណាមបានចំនួន៨៤ភាគរយហើយ។
ថ្លែងសារបង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានស្ថាបនាផ្លូវតាមបណ្ដោយព្រំដែនជាមួយប្រទេសបានជិត ១៥០០គីឡូម៉ែត្រហើយ។ ការកសាងផ្លូវព្រំដែនជាមួយប្រទេសវៀតណាមរហូតមកដល់ឆ្នាំ២០២២ រាជរដ្ឋាភិបាលសម្រេចបានប្រវែង ៦៨៥ គីឡូម៉ែត្រ លើផែនការសរុប ១០៦៩ គីឡូម៉ែត្រ។ ការកសាងផ្លូវព្រំដែនជាមួយប្រទេសថៃ រហូតដល់ ឆ្នាំ២០២៣ ធ្វើបានប្រវែង ៤៥៥ គីឡូម៉ែត្រលើផែនការសរុបប្រវែង ៥០៩ គីឡូម៉ែត្រ។ ការកសាងផ្លូវព្រំដែនជាមួយប្រទេសឡាវ រហូតមកដល់ឆ្នាំ២០២២ ធ្វើបានប្រវែង ១៧៩ គីឡូម៉ែត្រលើផែនការសរុប ៣៧៧ គីឡូម៉ែត្រ។
សម្ដេចធិបតីកាលពីថ្ងៃ៤ កក្កដា ២០២៤ បានផ្ដល់គោលការណ៍លើការស្ថាបនាបណ្ដាញផ្លូវគមនាគមន៍តាមតំបន់ព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាម សម្រាប់រយៈពេល១០ឆ្នាំ (២០២៤ -២០៣៤) លើទីតាំងដីដែលបានឯកភាពរួចហើយ។ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតីបានបញ្ជាក់ថា ផ្លូវក្រវាត់ព្រំដែនដែលកម្ពុជាបានសាងសង់ កន្លែងខ្លះមានចម្ងាយត្រឹម តែពី ១០ ទៅ ៣០ ម៉ែត្រពីបង្គោលព្រំដែនប៉ុណ្ណោះ។
យើងសង្ឃឹមថា ធ្មេចបើកៗ នៅឆ្នាំ២០៣៤ ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរអាចជិះទោចក្រយានយន្ត ឬជិះរថយន្ត នៅលើផ្លូវក្រវាត់ព្រំដែននេះទៅមើលបង្គោលព្រំដែនខ្មែរជាមួយប្រទេសជាប់របងដោយងាយស្រួល៕
ដោយ៖លេខាធិការដ្ឋាន គ.ស.ព.ស.