ពលករ និងពលរដ្ឋខ្មែរនៅជប៉ុននាំគ្នាចូលមូលនិធិកសាងព្រំដែនដែលជាកាយវិការស្រឡាញ់ទឹកដីយ៉ាងពិតប្រាកដ
(ភ្នំពេញ)៖ ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសជប៉ុនយ៉ាងច្រើនកុះករ បានប្រកាសពីការគាំទ្រ និងបរិច្ចាគថវិកាតាមលទ្ធភាពចូលក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ។
អ្នកស្រី ម៉ី ឆវី ពលករដែលកំពុងធ្វើការងារនៅប្រទេសជប៉ុនបានប្រកាសគាំទ្រមូលនិធិនៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីថែរក្សាសន្ដិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដី។
អ្នកស្រីបាននិយាយថា៖«នាងខ្ញុំសូមចូលរួមបរិច្ចាគថវិកាមួយចំនួនតាមលលទ្ធភាពក្នុងនាមជាកូនខ្មែរមួយរូប ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេស និងការពារទឹកដីរបស់យើង»។
លោក ឡាយ សុខុន ពលករដែលកំពុងធ្វើការនៅប្រទេសជប៉ុនបានបង្ហាញការសប្បាយរីករាយក្នុងការចូលរួមបរិច្ចាគថវិកាក្នុងមូលនិធី ហើយបង្កាញពីស្មារតីចូលរួមក្នុងការមូលនិធិ ព្រោះក្នុងនាមពួកគាត់ជាកូនខ្មែរ ត្រូវតែបង្ហាញពីសាមគ្គីភាពចំពោះប្រទេសជាតិ។
លោកបានបន្តថា៖«ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស សូមនាំគ្នាចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបន្ថែមទៀត ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព និងការចូលរួមអភិវឌ្ឍន៍ជាតិរបស់យើងទាំងអស់គ្នា។
លោក ទ្រី សុភ័គ ពលករកំពុងបម្រើការងារនៅប្រទេសជប៉ុនបានបង្ហាញក្ដីរីករាយដែលមានឱកាសចូលកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។ លោកថា វាជាឱកាសកូនខ្មែរគ្រប់រូបក្នុងការចូលរួមថែរក្សាទឹកដី កេរដំណែលដូនតាខ្មែរដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។
លោកបន្តថា ៖ «ខ្ញុំ និងភរិយា សូមចូលរួមបរិច្ចាគទៅតាមលទ្ធភាព បើទោះបីជាតិចតួចក្ដី វាជាឱកាសរបស់ពួកខ្ញុំក្នុងការចូលរួមជាមួយពលរដ្ឋខ្មែរយើងដទៃទៀតដែរ។ យើងទាំងអស់គ្នា គួរតែចូលរួមឱ្យមានច្រើនកុះករថែមទៀត ដើម្បីអនាគតជាតិរបស់យើង»។
បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានប្រកាសគាំទ្រ បរិច្ចាគថវិកា និងដូរប្រូហ្វាល់លើហ្វេសបុករបស់ខ្លួន ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។
សូមរំឭកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
គម្រោងនេះ ក៏បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសបានចូលរួមចំណែកដោយផ្ទាល់តាមការស្ម័គ្រចិត្ត និងតាមលទ្ធភាពជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕
ដោយ ៖ ង៉ាន់ ទិត្យ
ប្រភព ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ