បង្រៀនការបង្កាត់សិប្បនិម្មិតគោ ដល់ភ្នាក់ងារពេទ្យសត្វភូមិ និងយុវជននៅខេត្តកំពង់ធំ

 កំពង់ធំ៖ សមាគមអ្នកអភិវឌ្ឍពូជគោប្រាម៉ាន់កម្ពុជា-អាមេរិក (CABBA) សហការជាមួយក្រុមហ៊ុនអេសវីរេញ អ៉ីនវេសម៉ិន ខេមបូឌា(SV Ranch Investment Cambodia)បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបង្កាត់សិប្បនិម្មិតគោ ដល់ភ្នាក់ងារពេទ្យសត្វភូមិ និងយុវជននៅខេត្តកំពង់ធំកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ។

ការបណ្តុះបណ្តាលមានរយៈពេលពីរថ្ងៃនេះ ក្នុងគោលបំណងដើម្បីផ្តល់ជូនដល់ភ្នាក់ងារពេទ្យសត្វភូមិ និងយុវជននៅក្នុងខេត្ត លើចំណេះជំនាញបង្កាត់សិប្បនិម្មិតគោ ប្រកបដោយភាពត្រឹមត្រូវ។លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់សូមយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស និងស្រង់យកបទពិសោធន៍សម្រាប់យកទៅអនុវត្តនិងពង្រីកជំនាញរបស់ខ្លួនពេលត្រឡប់ទៅវិញ។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះក៏មានការអញ្ជើញចូលរួមពី លោក នី ផាន់ណេង នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន អេសវីរេញ អ៉ីនវេសម៉ិន ខេមបូឌា និងលោក អាន លីហ៊ាន់ នាយកប្រតិបត្តិនៃសមាគមអ្នកអភិវឌ្ឍន៍គោប្រាម៉ាន់កម្ពុជាសហរដ្ឋអាមេរិក។ សិក្ខាកាមគឺជាភ្នាក់ងារពេទ្យសត្វភូមិ និងយុវជននៅខេត្តកំពង់ធំជាច្រើនរូប៕
ដោយៈ ប៊ុន រដ្ឋា

ads banner