ឯកឧត្តម លី ឆេង ត្រូវបានប្រកាសជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌ៧មករា ជំនួស ឯកឧត្ដម នួន ផារ័ត្ន ដែលត្រូវផ្លាស់ប្តូរភារកិច្ចថ្មី
(ភ្នំពេញ)៖ ឯកឧត្តមលី ឆេង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ ត្រូវបានប្រកាស ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌ ៧មករាជំនួស ឯកឧត្ដម នួន ផារ័ត្ន ដែលត្រូវផ្លាស់ប្តូរភារកិច្ចថ្មី ដែលពិធីនេះរៀបចំឡើងនារសៀលថ្ងៃទី៣១ សីហា ឆ្នាំ២០២៤ ។
ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងថា ៖ ក្នុងនាមជាឃោសនឹករបស់គណបក្សប្រជាជនកម្ពុជា ត្រូវចេះបកស្រាយ ឆ្លើយតបទៅលើការញ៉ុះញ៉ងរបស់ពួកអមិត្ត ដូចជាថ្មីៗនេះ ក្រុមជ្រុលនិយម ក្រុមអមិត្តបានយក កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មកធ្វើជាបញ្ហា ដោយញ៉ុះញ៉ងអោយមានការប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
យើងត្រូវបន្តរួមគ្នាយកជ័យជំនៈក្នុងការបោះឆ្នោតអោយបាននៅឆ្នាំ២០២៧ និង ២០២៨ ខាងមុខ តាមរយៈបន្តចុះមូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋ ដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ។
ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យសមាជិក សមាជិកានិងឃោសនឹករបស់គណបក្សប្រជាជនកម្ពុជា ផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានជ្រួតជ្រាបពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់លាស់ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ៖ បក្សប្រឆាំងបានយកគណបក្សប្រជាជនកម្ពុជា ជាសត្រូវ ដូច្នេះក្នុងនាមសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការបំភ្លៃការពិត ដោយញ៉ុះញ៉ងឱ្យមានចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ៕
ដោយ ៖ ហេង សម្បត្តិ