រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា បានទាញការចាប់អារម្មណ៍ពីបណ្ដាប្រទេសនានាក្នុងតំបន់ថាព័ត៌មានក្លែងក្លាយគឺបញ្ហារួមរបស់តំបន់។ ឯកឧត្តមបានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក (AIBD) ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។
គំនិតផ្តួចផ្តើមនេះត្រូវបានទទួលជំហរគាំទ្រនិងសាទរពីបណ្ដាប្រទេសនានា។ ការបង្ហាញពីគំនិតផ្តួចផ្តើមលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទ”កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហាសន្និបាតលើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ” (49th Annual Gathering/22nd AIBD General Conference & Association Meetings) របស់វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ពិធីនេះមានការចូលរួមពីបណ្តាប្រទេសសមាជិក១៩ផ្សេងគ្នា និងមានអ្នកចូលរួមប្រមាណ៦០រូប។
ក្នុងសុន្ទរកថាបិទ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា បានជម្រាបជូនគណៈប្រតិភូពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះការប្រឆាំង នឹងព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងគណៈកម្មការត្រួតពិនិត្យ ព័ត៌មានក្លែងក្លាយ។ បន្ថែមលើនេះ ក្រសួងព័ត៌មានក៏បាន និងកំពុងរៀបចំយុទ្ធនាការទូទាំងប្រទេសក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មាន ក្លែងក្លាយ» ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹងដល់ពលរដ្ឋទាក់ទងនឹងផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ។យុទ្ធនាការនេះ នឹងចាប់ផ្ដើមអនុវត្តនៅចុងឆ្នាំ២០២៤ ដោយឃោសនា និងផ្សព្វផ្សាយជាសាធារណៈ ពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម។
ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ជាមួយនឹងការគាំទ្រ និងការចូលរួមពីសមាជិកទាំងអស់ ,យើងនឹងអាចសម្រេចគោលដៅ រួមក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយពីតំបន់របស់យើង។ ទាក់ទងនឹងកម្ពុជាឯកឧត្តម នេត្រ ភក្រ្តា បានបង្ហាញថា នៅក្នុងមួយឆ្នាំ២០២៣ កន្លងទៅកម្ពុជាមានព័ត៌មានក្លែងក្លាយជាង៣០០០ ត្រូវបានកត់ត្រាទុកដែលភាគច្រើនពាក់ព័ន្ធនឹងការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងបំភ្លៃការពិតដើម្បីញុះញង់ និងបង្កើតឱ្យមានការភាន់ច្រឡំ ,បង្កធ្វើឱ្យសង្គមចលាចលផ្សេងៗដើម្បីក្រុមជ្រុលនិយមប្រើប្រាស់ជាលេស ឈានដល់ការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយមិនប្រជាធិបតេយ្យ៕
ដោយ៖ពលជ័យ/រូបភាព៖ ខឹម សុវណ្ណារ៉ា