កែសន្លឹកកិច្ចការ របស់បេក្ខជនប្រឡង ចូលក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀនមត្តេយ្យសិក្សា ចាប់ផ្តើមនៅព្រឹកនេះ

(ភ្នំពេញ)៖ ព្រឹកនេះ ដំណាក់កាលកែសន្លឹកកិច្ចការ របស់បេក្ខជនប្រឡងប្រជែងជ្រើស​រើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូ​បង្រៀនមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើម ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ដើម្បីពិនិត្យលើរបៀបរបប និងនីតិវិធី​កែសន្លឹកកិច្ចការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង​អប់រំ យុវជន និងកីឡានេះ។ ក្នុងនោះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អន្តរក្រ​សួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារអនុគណៈកម្មការជំនាញ អ្នកសង្កេតការណ៍មកពី​សាកលវិទ្យាល័យ និងសាធារណជន រួមទាំងបេក្ខជន ព្រមទាំងអ្នកសារព័ត៌មាន​ជាច្រើនរូប។

កំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីម៉ោង ៨៖០០ ព្រឹក តាមរយៈការកាត់ក្បាលសន្លឹក​កិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពី​អង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ស្របតាម​និយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

សូមជម្រាបថា សន្លឹកកិច្ចការចំនួន ២,១៨៧ច្បាប់ របស់បេក្ខជនប្រឡងប្រជែងជ្រើស​រើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ៧២៩នាក់ ដែលបានបញ្ចប់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល និងសន្លឹកកិច្ចការ ចំនួន ១០,៥១១ច្បាប់ របស់បេក្ខជន ប្រឡងប្រជែងជ្រើសរើស​គ្រូបង្រៀនមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលទើបនឹងបញ្ចប់កាលពីម្សិលមិញនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner