រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញផែនការសកម្មភាពជាតិ កាត់បន្ថយហានិភ័យគ្រោះ​មហន្តរាយ​២០២៤-២០២៨

ភ្នំពេញ៖ ឯកឧត្តម កិត្តិសង្គបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្ម​ពិសេស អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​បានអញ្ជើញជា អធិបតីភាព បើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាពជាតិ សម្រាប់ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ និង ផែនការ ត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ទឹក ជំនន់ ឆ្នាំ២០២៤ ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ រាជធានីភ្នំពេញថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ដល់ក្រសួងស្ថាប័ននានានិងមន្រ្តីថ្នាក់ក្រោមជាតិដើម្បី​អនុវត្តន៏និងប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។

ពិធីនេះក៏មានការចូលរួមពីលោកស្រី Vica Rosario Bogaerts ប្រធានក្រុមការងារ និងអ្នកជំនាញការ ជាន់ខ្ពស់គ្រប់គ្រងហានិយភ័យ គ្រោះមហន្តរាយ តំណាងធនាគា​ពិភពលោក និងលោកស្រី ឃ្លែរ ខូណាន់ (Claire Conan) តំណាងអង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោកប្រចាំកម្ពុជា ( WFP),  ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូ អភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ កាកបាទក្រហម​កម្ពុជា និងវិស័យឯកជន ផងដែរ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានឱ្យដឹងថា ផែនការសកម្មភាពជាតិសម្រាប់ការកាត់​បន្ថយ​ហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ត្រូវបានរៀបចំរយៈពេល៥ឆ្នាំម្ដង តាមអាណត្តិរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយអនុលោម​តាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្របខ័ណ្ឌការងារ សេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៥-២០៣០ ដែលបាន​អនុម័តនៅសន្និសីទពិភពលោកលើកទី៣ នៃអង្គការសហប្រជាជាតិ នៅទីក្រុង សេន​ដាយ ប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ដែលមាន សម្តេចអគ្គ​មហា​សនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ​ផែនការ​សកម្មភាពជាតិ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងបន្តដោះស្រាយបញ្ហា​គ្រោះមហន្តរាយ ដែលបង្កឡើងដោយមុខសញ្ញាគ្រោះថ្នាក់ ដូចជា៖  ទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត អគ្គិភ័យ ការដួលរលំអគារ និងផលប៉ះពាល់ដទៃទៀតដែល​បណ្តាលមក ពីការប្រែប្រួលអាកាសធាតុ។ផែនការនេះ ត្រូវបានបន្តអនុវត្តចក្ខុវិស័យ នៃការកសាងសហគមន៍ប្រកបដោយ សុវត្ថិភាព និងភាពធន់ សម្រាប់ការអភិវឌ្ឍជាតិ​ប្រកបដោយចីរភាព និងមានគោលដៅរួម គឺ កាត់បន្ថយការបាត់បង់អាយុជីវិត ការខាត​បង់ ផ្នែកសេដ្ឋកិច្ច និងការខូចខាត ដល់ហេ ដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ការយល់ដឹង អំពីភាពធន់របស់សហគ​មន៍ តាមរយៈការ សម្របសម្រួល និងកិច្ចសហប្រតិបត្តិការ​ជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្រោមកម្មវិធីអាទិភាព និងគោលដៅយុទ្ធសាស្ត្រនីមួយៗ​ផងដែរ ។

ជាមួយគ្នានោះ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បានកំណត់ គោលដៅយុទ្ធសាស្ត្រចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ សម្រាប់អនុវត្តបន្តឆ្នាំ២០២៤-២០២៨ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើសកម្មភាពឱ្យស៊ីចង្វាក់គ្នារវាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល សហគមន៍ គ្រួសារ និងប្រជាជន ដោយត្រូវយកចិត្តទុកដាក់អនុវត្តនូវតួនាទី និងការទទួល ខុសត្រូវលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយក្នុងបរិបទ នៃកាលៈទេសៈ និងសមត្ថភាពរៀងៗខ្លួន។

គួរបញ្ជាក់ថា ផែនការសកម្មភាពជាតិនេះ មានលទ្ធផលរំពឹងទុកចំនួន ៨ចំណុច៖ ១. ត្រូវមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ២. សមត្ថភាពនៃការយល់ដឹងនិងចំណេះដឹងលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង ការគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានធ្វើឱ្យប្រសើរឡើង ៣. ប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានធ្វើ រំហូរដោយផ្សារភ្ជាប់នឹងសហគមន៍ ៤. សមាហរណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅក្នុងការអភិវឌ្ឍ ៥. ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយត្រូវបានរៀបចំ ៦. គ្រឿងសម្ភារ និង មធ្យោបាយសំខាន់ៗសម្រាប់ការពារ និងជួយសង្គ្រោះត្រូវបានពង្រឹង ៧. ការអនុវត្តត្រូវប្រកបដោយចំណេះដឹង និងការយល់ដឹងតាមបែបលក្ខណៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង៨. ភាពជាដៃគូជាមួយវិស័យឯកជន នឹងត្រូវបានការជួយគាំទ្រ។

ក្នុងឱកាសនេះ ក្នុងនាមសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី, ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវគ្រប់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល បន្តផ្តល់កិច្ចសហប្រតិបត្តិការអនុវត្តសកម្មភាព ដែលបានកំណត់ក្នុងផែនការសកម្មភាពជាតិសម្រាប់ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ឱ្យបានសកម្ម និងជោគជ័យ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner