ព្យុះភ្លៀងវាយលុកអូស្រ្តាលី ស្រ្តីម្នាក់ស្លាប់ និង ១២ម៉ឺននាក់គ្មានអគ្គិសនីប្រើ

កង់បេរ៉ា ៖ អាជ្ញាធរបានរាយការណ៍នៅក្នុងថ្ងៃចន្ទនេះថា ស្រ្តីម្នាក់បានបាត់បង់ជីវិត និងមនុស្សច្រើនជាង ១២០,០០០នាក់ទៀតគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងសន្ធប់វាយប្រហារភាគខាងត្បូងនៃប្រទេសអូស្រ្តាលី។

សេវាសង្គ្រោះបន្ទាន់រដ្ឋ Victory បានទទួលការ ស្នើសុំជំនួយជាង ២,៨០០លើកក្នុងមួយយប់ ដែលភាគច្រើនពាក់ព័ន្ធនឹងបញ្ហាដើមឈើដួលរលំ និងការខូចខាតអគារ។

គិតមកទល់ពេលនេះ ការព្រមានពីហានិភ័យផ្នែកអាកាសធាតុនៅតែបន្តធ្វើឡើងនៅតំបន់ឆ្នេរភាគអាគ្នេយ៍របស់រដ្ឋ Victory ខណៈដែលកម្លាំងខ្យល់ព្យុះប្រហែល ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយលុករដ្ឋនេះពេញមួយយប់។

ទីប្រឹក្សារដ្ឋាភិបាលរដ្ឋ Victoria នៅថ្ងៃចន្ទនេះ បានប្រាប់ប្រជាជនឱ្យជៀសវាងធ្វើដំណើរទៅកាន់តំបន់ឆ្នេរ ដោយសារតែទឹករលកដ៏គ្រោះថ្នាក់ ហានិភ័យបាក់ដីនៅតំបន់ច្រាំងថ្មចោទ និងទឹកជំនន់នៅតំបន់វាលទំនាប។

កោះភាគខាងត្បូងនៃរដ្ឋ Tasmania របស់អូស្រ្តាលី ក៏បានរងគ្រោះដោយសារអាកាសធាតុអាក្រក់ផងដែរ ដោយមនុស្សរាប់ពាន់នាក់មិនមានអគ្គិសនីប្រើប្រាស់នោះទេកាលពីថ្ងៃអាទិត្យម្សិលមិញ។

ខ្យល់ព្យុះនេះកើតឡើងបន្ទាប់ពីអូស្រ្តាលីទើបទទួលរងការវាយប្រហារពីរលកកំដៅរហូតជិត ៣០អង្សាសេនៅក្នុងទីក្រុង Sydney នៃរដ្ឋ New South Wales ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner