ក្រសួងកសិកម្ម និង អង្គការ MCC ដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតក្រោម​សមុទ្រ​ដើម្បីបង្កើននូវធនធានជលផល

ភ្នំពេញ៖ ដើម្បីបង្កើនចំនួនសត្វត្រី និងក៏ដូចជាសត្វសមុទ្រផ្សេងៗទៀតឱ្យសម្បូរបែប និង​កាន់តែមានសុវត្តិភាពក្នុងការរស់នៅនោះរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា ហៅកាត់ថា MCC កំពុងអនុវត្តគម្រោងដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតនៅក្រោមទឹកសមុទ្រ ។

បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាសំណង់ជម្រកត្រី​សិប្បនិម្មិត​​មួយ​ឈុតៗ​នេះត្រូវតម្លើងនៅបាតសមុទ្រ ក្នុងគោលដៅដើម្បីស្ដារឡើងវិញ​នូវប្រព័ន្ធអេកូឡូស៊ី ក្នុងការផ្ដល់ជម្រកដ៏សុខសាន្តដល់ត្រី និងសត្វដទៃកំពុងរស់នៅ​ក្នុងទឹកសមុទ្រ។

ក្រសួងបានបន្តឱ្យដឹងថាសម្រាប់ជំហ៊ានដំបូងនៃការពង្រាយសំណង់ជម្រកសិប្បនិម្មិតនេះមានសរុបជាង២០០ដុំ ទៅក្នុងបាតសមុទ្រ ស្ថិតក្នុងភូមិសាស្រ្តកោះអាចម៍សេះ ខេត្តកែប ។

យោងតាមឃ្លីបវីដេអូរបស់ក្រសួងកសិកម្មដែលបានចេញផ្សព្វផ្សាយកាលពីថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ២០២៤ ស្ដីពី «ការងារអភិរក្សធនធានជលផលបាតសមុទ្រនៅតំបន់កោះអាចម៍សេះ» លោកបណ្ឌិត ខូវ គួង អនុប្រធានរដ្ឋបាលជលផល បានឱ្យដឹងថាដំបូងយើងគិតថា ជាជម្រកត្រី​សិម្បនិម្មិត តែនៅពេលដាក់បានមួយរយៈ វាបានក្លាយជាជម្រកធម្មជាតិមួយផងដែរ ។

លោកបានបន្តឱ្យដឹងថាក្រោយពេលដាក់សំណង់ជម្រកសិម្បនិម្មិតនេះមកគេឃើញគ្រុំ ខ្យងបានប្រមូលផ្តុំរស់នៅ និងកូនត្រីជាច្រើនបានហែល ឆ្វាត់ឆ្វែងនៅតាមទីជម្រក នេះបង្ហាញថាសំណង់មួយនេះពិតជាបានដើរតួនាទីយ៉ាងសំខាន់ដល់មច្ឆាជាតិយ៉ាងពិតប្រាកដមែន ។

លោកបានថ្លែងថា”តាមរយៈកិច្ចសហការគ្នាជាមួយអង្គការ MCCបានទម្លាក់សំណង់​សម្បនិម្មិតនេះជាង ២០០ប្រអប់ហើយនៅភូមិសាស្រ្តខេត្តកែប ។ សម្រាប់លទ្ធផល​យើង​ឃើញថាល្អប្រសើរមែនទែន។អញ្ចឹងយើងមានគម្រោងសហការជាមួយអង្គការ MCC បន្តទៀតដើម្បីដាក់ពង្រាយសំណង់ជម្រកត្រី សម្បនិម្មិតនេះបន្ត​ទៀតឱ្យ​កាន់​តែច្រើន” ។

លោក បានបញ្ជាក់បន្ថែមថា៖ តាមគម្រោងគឺក្រសួងនឹងដាក់ពង្រាយឱ្យបាន ៥ពាន់ដុំក្នុង​រយៈពេល ៥ឆ្នាំនិងពិសេសពង្រីកទៅកាន់ខេត្តផ្សេងៗទៀតដូចជាខេត្តកំពត ខេត្តព្រះសី​ហនុ កោះកុង ហើយគោលដៅ គឺដើម្បីស្តារ ឬបង្កើននូវធនធានជលផលរបស់យើង​ឱ្យ​មាននិរន្តភាពបន្តផ្តល់ផលប្រយោជន៍ថ្ងៃអនាគត ។

ដោយឡែក កញ្ញា ថាប់ រចនា នាយកប្រតិបត្តិនៃអង្គការអភិរក្សសមុទ្រកម្ពុជា ហៅកាត់​ថា MCC បានធ្វើការពន្យល់ថាសំណង់ជម្រកសម្បនិម្មិត​ដែលយើងធ្វើឡើង​ក្នុងគោល​បំណង់ផ្តល់ជាជម្រក ផ្តល់ជាកន្លែងលាក់ខ្លួន ការពារសុវត្តិភាព ផ្តល់ជាចំណីអាហារ ហើយមួយវិញទៀតសំណង់នេះដើរតួនាទីយ៉ាងសំខាន់ខ្លាំងការបញ្ច្រោះគុណភាពទឹក។
គួរបញ្ជាក់ថាក្រៅពីបង្កើតសំណង់ជម្រកត្រីសិប្បនិម្មិតក្រោមសមុទ្រដើម្បីបង្កើននូវធនធានជលផលនេះក្រសួងកសិកម្មក៏បានបង្កើត ក៏ដូចជាជំរុញតាមមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រដើម្បីបង្កាត់ពូជត្រីក្នុងគោលដៅបង្កើនចំនួនជលផលសមុទ្រឱ្យកាន់តែសម្បូរបែបនៅកម្ពុជានាថ្ងៃអនាគត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner