សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីអញ្ជើញផ្តល់ភ្លើងបូជា​សពសម្តេចចៅហ្វាវាំង គង់ សំអុល

ភ្នំពេញ៖ សពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានរៀបចំពិធីបូជានៅវត្តជម្ពូវ័ន នាព្រឹកថ្ងៃសុក្រទី៦ ខែកញ្ញា ឆ្នាំ​២០២៤ បន្ទាប់ពីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលផល​បុណ្យជូនវិញ្ញាណក្ខន្ធ នៅគេហដ្ឋានអស់រយៈ​ពេលប្រមាណ ៥ថ្ងៃ ។

ពិធីបូជាសពត្រូវបានរៀបចំឡើងប្រកបដោយកិត្តិយសឧត្តុង្គឧត្តមបំផុតឱ្យស័ក្តិសមទៅវីរភាព និងស្នាដៃជាច្រើនដែល​សម្តេច​ចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល បានខិតខំបំពេញអស់កម្លាំង​កាយចិត្តក្នុងមួយជន្មាយុរបស់សម្តេច។
ក្នុងពិធី​បូជាសពទទួលបាន​ការនិមន្តចូលរួមពីសម្តេចព្រះសង្ឃ ព្រះសង្ឃប្រមាណ ៩៤អង្គ មានការអញ្ជើញចូល​រួមពីសម្តេច​អគ្គមហាសេនាតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន​ព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល ឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើន​រូបទៀត ។

ក្រោយពេលគោរពវិញ្ញាណក្ខន្ធពីសំណាក់ភ្ញៀវកិត្តិយសហើយនោះ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល និងកុលបុត្រ កុលធីតា អញ្ជើញសុំភ្លើងពីសម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះសង្ឃ​នាយករង រួចនាំភ្លើងនោះជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជូន​ភ្លើងបូជា​សពប្រកបដោយក្តីវិយោគក្រៀមក្រំស្តាយ​ស្រណោះអាឡោះអាល័យ​ជាពន់ពេក ។

សូមជម្រាបថា សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាពនៅព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ៨ និង ៣៥នាទី ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

ថ្នាក់ដឹកនាំជាតិ និងមន្ត្រីរាជការ បានចាត់ទុកមរណភាពសម្ដេចចៅ​ហ្វាវាំង ជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគំរូដ៏ ឆ្នើមមួយរូប ប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទ​ពិសោធន៍ខ្ពស់ ដែលក្នុងមួយជីវិត សម្តេច បានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិ និងប្រជាជន ពិសេសក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត ក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាម អង្គព្រះមហាក្សត្រ និងហ្លួងម៉ែជាអម្ចាស់ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានជោគជ័យជាច្រើនលើ​កិច្ចការជាតិ និងអន្តរជាតិដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ និងប្រជាជនរហូតមក ព្រមទាំងបានចូលរួមចំណែក​ដ៏ធំធេង និងយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ តាមរយៈការបំពេញបេសកកម្ម​ដ៏ឧត្តុង្គឧត្តមជាមួយសមាគមកាកបាទក្រហមកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner