ធ្លាប់បរាជ័យរឿងទូរស័ព្ទ ឥលូវ NOKIA អាចជោគជ័យរឿងអវកាស

វ៉ាស៊ីនតោន : អវកាសយានិកដំបូងគេ នៃបេសកកម្ម Artemis 3 របស់អង្គការ NASA នឹងស្លៀកឈុតអវកាសបំពាក់ប្រព័ន្ធ 4G ដូចគ្នាទៅនឹងប្រព័ន្ធ 4G ដែលជាបណ្តាញទូរស័ព្ទចល័តប្រើប្រាស់នៅលើផែនដីសព្វថ្ងៃនេះ។

ឈុតអវកាសថ្មីនេះ គេដាក់ឈ្មោះថា AxEMU ផលិតឡើងដោយក្រុមហ៊ុន Axiom Space ភ្ជាប់ជាមួយបណ្តាញសេវាអ៊ីនធើណិត 4G របស់ក្រុមហ៊ុនទូរគមនាគមន៍ហ្វាំងឡង់ Nokia។

ក្រុមហ៊ុន Nokia បាននិងកំពុងអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់កម្មវិធីអវកាសអស់រយៈពេលជាច្រើនឆ្នាំមកនេះ ដោយទទួលបានជំនួយថវិកាចំនួន ១៤.១លានដុល្លាររបស់ NASA ក្នុងឆ្នាំ ២០២០។

មុនពេលប្រើប្រាស់ជាផ្លូវការ ឈុតអវកាសថ្មីនេះ នឹងត្រូវឆ្លងកាត់ការសាកល្បងជាបន្តបន្ទាប់ នៅឯមជ្ឈមណ្ឌលអវកាស Johnson របស់អង្គការ NASA ក្នុងទីក្រុង Houston ដើម្បីធានាថា អ្វីៗទាំងអស់ដែលបំពាក់នៅក្នុងឈុតអវកាសនេះ អាចដំណើរការដោយរលូន នៅពេលប្រើប្រាស់លើភពព្រះចន្ទ។

ការបង្កើតឈុតអវកាស 4G នេះឡើង មានគោលបំណងអនុញ្ញាតឱ្យអវកាសយានិកអាចប្រើប្រាស់បណ្តាញសេវាអ៊ីនធើណិតឥតខ្សែ 4G ដើម្បីអនុវត្តមុខងារមួយចំនួននៅឋានព្រះចន្ទ មានដូចជាការផ្តិចយករូបភាពក្នុងកម្រិតខ្ពស់ ឬបញ្ជូនទិន្នន័យវិទ្យាសាស្ត្រយ៉ាងច្រើន ត្រឡប់ទៅស្ថានីយមូលដ្ឋាននៅទីនោះ និងបញ្ជូនមកកាន់ស្ថានីយមូលដ្ឋាននៅផែនដីវិញ។

បើសិនអ្វីៗទទួលជោគជ័យដូចតាមការគ្រោងទុកនោះ សម្រាប់ពេលអនាគត យានអវកាសចុះចតនៅភពព្រះចន្ទ ដែលមានអវកាសយានិក នឹងអាចបម្រើជាមជ្ឈមណ្ឌលកណ្តាល ដើម្បីប្រមូលព័ត៌មានពីការសិក្សាស្រាវជ្រាវនៅទីនោះ រួចបញ្ជូនដោយផ្ទាល់មកកាន់ផែនដី៕ ប្រភព ៖ Space ប្រែសម្រួលដោយ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner