ក្រុមហ៊ុន ហ៊ិននីគែន ប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០កញ្ញា លោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន ហ៊ិននីគែន (Heineken) បានគោរពជម្រាបជូន សម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា ក្នុងរយៈពេល៣០ឆ្នាំ និងថ្លែងអំណរគុណចំពោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់កម្ពុជា ដែលបានផ្តល់កិច្ចសហការ និងការយកចិត្តទុកដាក់ ដល់ក្រុមហ៊ុន កន្លងមក។

ទន្ទឹមនឹងនេះ លោកអគ្គនាយកប្រចាំតំបន់ បានប្ដេជ្ញាចិត្ត ក្នុងការបន្តការវិនិយោគនៅកម្ពុជា ដោយអនុវត្ត តាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ចូលរួមការពារ អ្នកប្រើប្រាស់ និងរួមចំណែកលើកកម្ពស់ការទទួលខុសត្រូវ ក្នុងសង្គម រួមទាំងកិច្ចការពារបរិស្ថាន។

សូមជម្រាបថា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (Heineken Cambodia) មានវត្តមាននៅកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំមកនេះ ហើយមានវឌ្ឍនភាពក្នុងដំណើរអាជីវកម្មប្រកបដោយភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើន។ ជាមួយគ្នានេះ ការចូលរួមចំណែករបស់ក្រុមហ៊ុន ក៏បានលើកកម្ពស់ដល់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងអាជីវកម្មលើទីផ្សារជាច្រើន។

នៅក្នុងជំនួបនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទំនុកចិត្ត និងការជឿជាក់របស់ក្រុមហ៊ុនហ៊ិននីគែន ដែលបានសម្រេចចិត្តធ្វើការវិនិយោគនៅប្រទេសកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមទាំងការបង្កើតការងារដោយផ្ទាល់និងប្រយោល នៅកម្ពុជា ក្នុងរយៈពេល៣ទសវត្សរ៍ មកនេះ។

សម្តេចធិបតីបានគូសរំលេចអំពីការបន្តយកចិត្តទុកដាក់ និងកិច្ចខំខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធានានូវបរិយាកាសវិនិយោគល្អប្រសើរប្រកបដោយភាពទាក់ទាញ តាមរយៈការដាក់ចេញនូវច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងកញ្ចប់វិធានការនានា ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាពគ្នា ជំរុញភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីបន្ថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner