កម្ពុជា នឹងធ្វើម្ចាស់ផ្ទះ រៀបចំសន្និសីទ ICAPP លើកទី១២ នាខែវិច្ឆិកាខាងមុខ
រ៉េខាងត្បូង៖ សន្និសីទ ICAPP លើកទី១២ នឹងប្រព្រឹត្តទៅ នាខែវិច្ឆិកាខាងមុខ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ។ នេះគឺជាការបញ្ជាក់របស់ លោក Jung Eui-Yong ប្រធានអង្គការ ICAPP ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នាឱកាសអញ្ជើញបំពេញទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េ ។
លោកប្រធាន ICAPP បានចាត់ទុកថា ទស្សនកិច្ចរបស់សម្ដេចតេជោនៅពេលនេះ គឺបានធ្វើឲ្យប្រជាជនកូរ៉េ មានការសប្បាយរីករាយទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ហើយក៏បានសម្ដែងការអរគុណចំពោះក្រុមការងារ ដែលនៅរាជធានីភ្នំពេញបានផ្ដល់ភាពកក់ក្ដៅ ចំពោះគណៈប្រតិភូ ដែលកំពុងសហការយ៉ាងមមាញឹកក្នុងការរៀបចំ កិច្ចប្រជុំ ICAPP លើកទី១២ ប្រកបដោយជោគជ័យ ។
លោកប្រធាន ICAPP ក៏បានជំរាបជូនសម្ដេចតេជោផងដែរថា ភាគីកម្ពុជា បានគាំទ្រអាយខាប់យ៉ាងពេញកំហឹង ហើយសង្ឃឹមថា កិច្ចប្រជុំលើកទី១២ នៅភ្នំពេញនាពេលខាងមុខនេះ នឹងប្រកបដោយជោគជ័យ ដោយមានការលើកទឹកចិត្តពីសម្ដេចតេជោ និងសម្ដេចធិបតី ហើយលោកនឹងសហការី កំពុងតែខិតខំរៀបចំធ្វើយ៉ាងណាឱ្យកិច្ចប្រជុំនោះបានប្រព្រឹត្តទៅដោយរលូន ដោយមានប្រទេសជាច្រើន និងគណបក្សនយោបាយនានា អញ្ជើញមកចូលរួម ក្នុងទិសដៅសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាថែមទៀត ដោយគោលដៅនៃកិច្ចប្រជុំ គឺ ស្វែងរកសុខសន្តិភាព ផ្សះផ្សាដោះស្រាយបញ្ហាផ្សេងៗ និងផ្ដល់នូវចំណេះដឹងទៅកាន់ពិភពលោកទាំងមូល ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការរៀបចំសម្រាប់កិច្ចប្រជុំ ICAPP លើកទី១២ នៅខែវិច្ឆិកាខាងមុខនេះ ហើយដែលក្នុងរយៈពេលនៃកិច្ចប្រជុំទាំង ១២លើក គឺកម្ពុជា បានធ្វើជាម្ចាស់ផ្ទះចំនួន ២លើក ដោយដំណើរការរៀបចំ បានប្រព្រឹត្តទៅដោយរលូន ពុំមានឧបសគ្គអ្វីមករារាំងនោះទេ ។
សម្ដេចតេជោ បានបញ្ជាក់ផងដែរថា ប្រធានសន្និសីទត្រូវប្រគល់ជូនទៅសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ហើយសម្ដេចតេជោ ផ្ទាល់ នឹងធ្វើជាប្រធានកិត្តិយស ។
សម្ដេចតេជោ ក៏បានណែនាំឲ្យលោកប្រធាន ICAPP និងក្រុមការងារ យកចិត្តទុកដាក់ក្នុងការរៀបចំបែបបទ ពិសេស គឺសេចក្ដីថ្លែងការណ៍ ដែលត្រូវថ្លឹងថ្លែងពាក្យសំដីឱ្យស្របតាមកាលៈទេសៈ ដោយមិនបង្កើតឲ្យមានជម្លោះតវារវាងអ្នកចូលរួមក្នុងកិច្ចប្រជុំនោះ ។
ជាកិច្ចឆ្លើយតប ICAPP ប្រធាន ICAPP បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ នូវអនុសាសន៍ណែនាំ និងយោបល់ល្អៗ ហើយ លោកក៏បានសង្កត់ធ្ងន់ថា ស្ថានការណ៍ពិភពលោកនៅពេលបច្ចុប្បន្ន មានភាពស្មុគស្មាញ និងពុំងាយស្រួលនោះទេ ហើយលោកនឹងយកពាក្យសម្ដី និងការណែនាំរបស់សម្ដេចតេជោ ជាគោល និងមានការប្រុងប្រយ័ត្ន ហើយបានឯកភាពរាល់ប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហើយប្ដេជ្ញាថា នឹងខិតខំរៀបចំឲ្យកិច្ចប្រជុំ ICAPP លើកទី១២ នៅកម្ពុជា ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយ ICAPP ប្រកាន់នៅចំហរកណ្ដាល បើកចំហដោយមិនប្រកាន់បក្សពួក ឬប្រទេសណានោះទេ ហើយមិនប្រកាន់ខ្ជាប់នូវមនោគមវិជ្ជាណានោះដែរ។
លោកប្រធាន ICAPP បានឯកភាពចំពោះការដែលសម្ដេចតេជោ ធ្វើជាប្រធានកិត្តិយស និងថា លោកបានជួបជាមួយសម្ដេចធិបតី ពីរដងមកហើយ និងបានគិតថា ពិតជាមានសំណាងណាស់ដោយសម្ដេចតេជោ បានដឹកនាំប្រទេសកម្ពុជា ពីសង្គ្រាម ទៅរកសន្តិភាព និងការរីកចម្រើន ហើយបន្តទៅសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលជាកូន ដឹកនាំបានល្អបន្តទៀត ។
លោកប្រធាន ICAPP បានសម្ដែងក្ដីជឿជាក់ថា ដោយទទួលបានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ពីសម្ដេចតេជោ ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី សន្និសីទ ICAPP លើកទី១២ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាពេលខាងមុខ ទទួលបានជោគជ័យ ។
សម្ដេចតេជោ បានអរគុណ ហើយបានរំលឹកថា កាលពីឆ្នាំ២០០៦ សម្ដេចបានស្គាល់ឃ្យូងយូ តាមរយៈការរៀបចំពីពណ៌អង្គរឃ្យូងយូ ដែលពេលនោះ ឯកឧត្តម រ៉ូ មីយម ជាប្រធានាធិបតី បានអញ្ជើញទៅចូលរួមបើកអង្គរឃ្យូងយូ នាពេលនោះ ហើយដែលធ្វើឲ្យក្លាយជាការចាប់ផ្ដើមប្រាស្រ័យទាក់ទងគ្នារវាងប្រទេសទាំងពីរ លើខាងវប្បធម៌ ។
ជំនួបនេះ បានបញ្ចប់ដោយបរិយាកាសរីករាយស្និទ្ធស្នាលប្រកបដោយកិច្ចសហប្រតិបត្តិការល្អ ដើម្បីរៀបចំសន្និសីទ ICAPP លើកទី១២ នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខនេះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ ទទក