ឯកឧត្តម យី វាសនា ៖ ក្រៅពីការប្រកួតប្រជែងមេដាយ គឺបណ្តាប្រទេសនានា រួមទាំងកម្ពុជា ទទួលបានមិត្តភាព សាមគ្គីភាព កិត្តិយសជាតិ
(ភ្នំពេញ)៖ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារ Beyond The Games និងមន្ត្រី កីឡាករ កីឡាការិនីពិការកម្ពុជាជាច្រើននាក់ កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលបន្ទុកប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង គូសបញ្ជាក់ថា បេសកកម្មប្រកួតកីឡាមានពិការភាពកម្រិតពិភពលោក ឆ្នាំ២០២៤នេះ មានភាពប្លែកច្រើន ដែលមានប្រទេសចូលរួមសរុបចំនួន ១៨៩ប្រទេស ក្នុងនោះ៨៦ប្រទេសប៉ុណ្ណោះដែលដណ្តើមបានមេដាយ ខណៈជាង១០០ប្រទេស រួមទាំងកម្ពុជា មិនទទួលបានមេដាយនោះឡើយ។
ឯកឧត្តម យី វាសនា បន្ថែមថា ៖«ក្រៅពីការប្រកួតប្រជែងមេដាយ គឺបណ្តាប្រទេសនានា រួមទាំងកម្ពុជានៅតែប្រើប្រាស់ទ្រឹស្តីលើសពីការប្រកួត (Beyond The Games) ដោយយើងទទួលបានមិត្តភាព សាមគ្គីភាព កិត្តិយសជាតិ ដែលយើងបង្ហាញកេរ្តិ៍ឈ្មោះជាតិ តំណាងឱ្យប្រជាជនជាង ១៦លាននាក់ ក៏ដូចជាតំណាងឱ្យបងប្អូនជនមានពិការភាពទូទាំងប្រទេសកម្ពុជាផងដែរ។ បើទោះបីជាប្រតិភូកីឡាកម្ពុជាមានតែ៤រូបក្តី ក៏ទង់ជាតិកម្ពុជាត្រូវបានបង្ហូតឡើងក្នុងព្រឹត្តិការណ៍កីឡាពិការកម្រិតពិភពលោករៀងរាល់៤ឆ្នាំម្តងនេះ ដោយមានភាពស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិផងដែរ។ ដូច្នេះកីឡាលោតក្នុងចង្វាក់បេះដូងតែមួយដូចគ្នា»។
«ក្នុងនាមប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា យើងខ្ញុំពិតជាមានកិត្តិយសដ៏ធំធេងណាស់ ក្រោមក្រសែភ្នែក និងការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរជាង ១៦លាននាក់ និងក្រោមការគាំទ្រលើកទឹកចិត្តពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា»។
ឯកឧត្តម យី វាសនា បានសង្កត់ធ្ងន់បន្ថែម។ បន្ថែមពីលើនេះ ប្រធានប្រតិភូកីឡាកម្ពុជារូបនេះលើកឡើងថា នេះជាលើកទី៤ ដែលក្រុមកីឡាប៉ារ៉ាឡាំពិកកម្ពុជាចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិក ពិភពលោក ដែលត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំម្តង។ អ្វីដែលពិសេស គឺរទេះរបស់កីឡាករ វ៉ាន វ៉ុន ដែលនាំយកទៅប្រកួតនេះ គឺជាការផលិតស្របតាមខ្នាតបច្ចេកទេសអន្តរជាតិពីប្រទេសជប៉ុន ក្រោមការឧបត្ថម្ភរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ជាមួយគ្នានេះ កីឡាករជម្រើសជាតិមានពិការភាព វ៉ាន វ៉ុន ដែលចូលរួមប្រកួតប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំងឆ្នាំ២០២៤ លើវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រ កម្រិតពិការ T54 បានលើកឡើងដែរថា សិទ្ធផលនៃការប្រកួតរបស់ខ្លួនធ្វើបានក្នុងថិរវេលាធ្លាក់ចុះបន្តិចបន្តួចនឹងការប្រកួតប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីឆ្នាំ២០២០កន្លងទៅ។ យ៉ាងណា កីឡាករ វ៉ាន វ៉ុន បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ថានឹងបន្តការខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែម ដើម្បីត្រៀមការប្រកួតប្រជែងមេដាយជូនជាតិ ក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅប្រទេសថៃ នាដើមឆ្នាំ២០២៦ខាងមុខ៕
អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ និង ងីម ឆាយហួត