សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម

កូរ៉េខាងត្បូង៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម នៅសាធារណរដ្ឋកូរ៉េ។

លោកប្រធានក្រុមហ៊ុន Jung Jun-Ho បានលើកឡើងថា លោកមានកិត្តិយសខ្លាំងណាស់ ដែលបានជួបសម្ដេចតេជោផ្ទាល់ ដោយសារសម្ដេច គឺជាឥស្សរជនកម្ពុជា ដែលល្បីនៅកូរ៉េ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ។

លោកប្រធានក្រុមហ៊ុន បានជម្រាបសម្ដេចតេជោថា ក្រុមហ៊ុនរបស់លោកមិនទាន់បានបង្កើតក្រុមហ៊ុននៅកម្ពុជានៅឡើយទេ ហើយតាមរយៈជំនួបនៅថ្ងៃនេះ ក្រុមហ៊ុនរបស់លោក ចាប់អារម្មណ៍នឹងវិនិយោគនៅកម្ពុជា ទៅលើវិស័យជាច្រើន។

លោកបានរំលឹកថា នៅពេលទស្សនកិច្ចរបស់សម្ដេចធិបតី នៅកូរ៉េ លោកបានរៀបចំជំនួបជាច្រើនរវាងសម្ដេចធិបតី ជាមួយនឹងក្រុមហ៊ុនកូរ៉េ និងបានពិភាក្សាទៅលើវិស័យផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ទូរគមនាគមន៍ ធារាសាស្ត្រ ព្រមទាំងអាកាសយានដ្ឋានថ្មីនៅកម្ពុជាផងដែរ។

លោក Jung Jun-Ho បានលើកឡើងថា ក្រុមហ៊ុន SK Securities គឺជាក្រុមហ៊ុនមូលបត្រ ដែលទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដែលទទួលបានអាជ្ញាប័ណ្ណហិរញ្ញវត្ថុដែលផ្ដោតទៅលើបរិស្ថាន។ ក្រុមហ៊ុន SK Securities កំពុងតែអនុវត្តគម្រោងមួយ គឺការអភិរក្សនៅព្រៃកោងកាង ក្នុងខេត្តកំពត ទំហំ៥០ហិកតា នៅក្នុងក្របខ័ណ្ឌនៃការ ពង្រឹងបរិស្ថាន។

លោកប្រធានក្រុមហ៊ុន SK Securities បានលើកឡើងថា ក្រុមហ៊ុនរបស់លោក ចាប់អារម្មណ៍ទៅលើកម្ពុជា ពីព្រោះ កម្ពុជា មានទីតាំងល្អ និងមានធនធានមនុស្ស។ ក្នុងទិសដៅនេះ លោកប្រធានក្រុមហ៊ុន SK Securities ក៏បានគោរពសុំការគាំទ្រពីសម្ដេចតេជោ ដល់ក្រុមហ៊ុនរបស់លោកដែលនឹងអាចឈានទៅដល់ការវិនិយោគនៅកម្ពុជា។

ជាកិច្ចឆ្លើយតប សម្ដេចតេជោហ៊ុនសែន បានបញ្ជាក់ថា កម្ពុជាត្រូវការវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនកូរ៉េ។ ដោយក្រុមហ៊ុនកូរ៉េភាគច្រើនបានវិនិយោគនៅបណ្ដាប្រទេសជិតខាងកម្ពុជានៅក្នុងអាស៊ាន នៅកម្ពុជាការវិនិយោគនៅមានកម្រិតនៅឡើយ។ ដើម្បីវិនិយោគបានចំគោលដៅ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា ឱ្យសិក្សាលម្អិតថាតើចាប់យកចំណុចអ្វីដែលជាគោលដៅនៃការវិនិយោគ។

សម្ដេចបានបញ្ជាក់ទៀតថា ពាក់ព័ន្ធទៅនឹងអាកាសយានដ្ឋានថ្មី គឺមិនមានការចាំបាច់ក្នុងការសិក្សាទេ ពីព្រោះ កម្ពុជា ទើបតែបានដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប និងត្រៀមដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនៅខេត្តកណ្ដាល ហើយក៏មានអាកាសយានដ្ឋាននៅតំបន់មាត់សមុទ្រផងដែរ។

សម្តេចតេជោ បន្ថែមថា កម្ពុជាត្រូវការវិនិយោគលើឧស្សាហកម្មកែច្នៃ ពីព្រោះកម្ពុជា មានវត្ថុធាតុដើមច្រើន ដែលសមត្ថភាពនៃការកែច្នៃនៅមានកម្រិត។ ដោយទីផ្សារកូរ៉េ ត្រូវការនាំចូលផលិតផលជាស្បៀង, សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យសិក្សាអំពីការកែច្នៃលើផលិតផលស្បៀង។ នៅក្នុងផ្នែកឧស្សាហកម្ម កម្ពុជាត្រូវការបច្ចេកវិទ្យាពីកូរ៉េ ។ នៅក្នុងវិស័យមូលបត្រ កម្ពុជាក៏ត្រូវការជំរុញវិស័យនេះផងដែរ ដោយសារសព្វថ្ងៃនេះ មិនទាន់ឃើញមានការរីកចម្រើនខ្លាំងក្លានោះទេ។

សម្ដេចតេជោ បញ្ជាក់ថា ប្រទេសកម្ពុជា មានភាពងាយស្រួលច្រើន ដូចជាការបង្កើតក្រុមហ៊ុន មិនតម្រូវឱ្យមានក្រុមហ៊ុនដៃគូក្នុងស្រុក និង ជាក្រុមហ៊ុនបរទេស ១00%។ ម្យ៉ាងទៀតកម្ពុជា អនុញ្ញាតឱ្យវិនិយោគិនប្រើប្រាស់រូបិយប័ណ្ណបរទេស ដោយមិនចាំបាច់មានការប្ដូរ ទៅជារូបិយប័ណ្ណក្នុងស្រុកឡើយ។

សម្ដេចតេជោ បានបន្ថែមពីការការវិនិយោគក្នុងរូបមន្ត ១ + និងគូសបញ្ជាក់ថា ក្រុមហ៊ុនដែលវិនិយោគ នៅក្នុងប្រទេសអាស៊ាន គួរវិនិយោគផងដែរនៅក្នុងប្រទេសកម្ពុជា ព្រោះថា នៅពេលប្រទេសមួយមានបញ្ហា ក្នុងផលិតកម្ម គឺរូបមន្ត ១ + នេះ អាចធានាច្រវាក់ផលិតកម្មបាន។ សម្ដេចតេជោ ក៏បានលើកឡើងពីបទពិសោធរបស់ក្រុមហ៊ុនជប៉ុន Minebea ដែលបានវិនិយោគនៅប្រទេសជិតខាងកម្ពុជា ហើយក៏បានវិនិយោគនៅប្រទេសកម្ពុជាផងដែរ នៅពេលដែលប្រទេសជិតខាងកម្ពុជាជួបប្រទះនូវបញ្ហាទឹកជំនន់ រំខានដល់ខ្សែច្រវាក់ផលិតកម្ម រោងចក្រនៅកម្ពុជាអាចជំនួសបាន។

សម្ដេចតេជោ បានរំលឹកថា នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្ដេចធិបតី នៅប្រទេសកូរ៉េ គឺមានការព្រមព្រៀងគ្នាលើកកម្រិតក្នុងការបង្កើតតំបន់សេដ្ឋកិច្ច​ពិសេសកូរ៉េ។ សម្ដេច ជឿជាក់ថា នៅពេលអនាគត ក្រុមហ៊ុនកូរ៉េ នឹងមានវត្តមានកាន់តែច្រើន នៅកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ ទទក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner