ក្រសួងអធិការកិច្ច ផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នប្រហាក់ប្រហែលនៅប្រទេសម៉ាដាហ្គាស្កា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតជូន លោកជំទាវ រ៉ាស្សាហ្វីន ដ្រាហ្សី មីរ៉ាណា (Razafindrazay Mirana ) អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាសាធារណរដ្ឋម៉ាដាហ្គាស្កា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនៅកម្ពុជា នៅទីស្តីការក្រសួងអធិការកិច្ច ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ព្រមទាំងបានកោតសរសើរចំពោះទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ១៩៩៧ មកម៉្លេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋ ម៉ាដាហ្គាស្កាចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក។
លោកជំទាអគ្គលេខាធិការ ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីស្ថានភាពទូទៅ ក៏ដូចជាស្ថានភាពនយោបាយរបស់ប្រទេសម៉ាដាហ្គាស្កាផងដែរ ព្រមទាំងបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាព ។
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវអគ្គលេខាធិការ បានគូសបញ្ជាក់រួមគ្នាអំពីសារៈសំខាន់របស់ការងារអធិការកិច្ច ក្នុងការចូលរួមចំណែកជួយពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ។ ជំនួបទ្វេភាគីរវាង ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ អគ្គលេខាធិការ បានបញ្ចប់ដោយភាតរភាព និងផ្លែផ្កា ដែលទទួលបានលទ្ធផលលើការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអធិការកិច្ច។ លោកជំទាវអគ្គលេខាធិការឯកភាពធ្វើជាស្ពានជួយផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នប្រហាក់ប្រហែលនៅប្រទេសម៉ាដាហ្គាស្កាជាមួយក្រសួងអធិការកិច្ច ៕
ដោយ ៖ ហេង សម្បត្តិ




