ប្រជាពលរដ្ឋស្រុកព្រែកប្រសព្វសំណូមពរ ឱ្យអាជ្ញាធរខេត្តជួយដោះស្រាយបញ្ហាមួយចំនួន
ក្រចេះ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះបានស្នើដល់អាជ្ញាធរខេត្ត ស្រុកឃុំឱ្យជួយដំណោះស្រាយនូវ សំណូមពរមួយចំនួននៅក្នុងមូលដ្ឋានដូចជា ការស្តារប្រព័ន្ធស្តុកទឹក និងស្រោចស្រព (បឹងនិងប្រឡាយ),ជួសជុលផ្លូវនិងស្ពាន ឆ្លងព្រែក ដែលមានសភាពចាស់ទ្រុឌទ្រោម,សុំឱ្យបង្កើតអនុវិទ្យាល័យក្នុងឃុំ ,បញ្ហាអគ្គិសនីមានការឡើងកុងទ័រ និងដាច់ញឹកញាប់។
សំណើទាំងនេះបានធ្វើឡើងក្នុងវេទិកាសាធារណៈកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅស្រុកព្រែកប្រសព្វ ។ វេទិកានោះ ធ្វើឡើងដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជ រដ្ឋាភិបាល កម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ។ លោក ស្រេង សុភាព អភិបាលរងខេត្តនិងជាប្រធានក្រុមការងារខេត្ត ចុះមូលដ្ឋានស្រុកព្រែកប្រសព្វបានអញ្ជើញចូលរួមដោយផ្ទាល់។
លោក ស្រេង សុភាព បានឆ្លើយតបនិងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋដោយបានបែងចែកទៅតាមដែនទទួលខុស
ត្រូវនីមួយៗ។ដោយឡែកចំពោះការបង្កើតអនុវិទ្យាល័យ លោកបានបញ្ជាក់ឃុំនេះមានអនុវិទ្យាល័យ២ ស្រាប់ហើយ។ ដូច្នេះ សូមឱ្យពង្រឹងការងារសិក្សា និងប្រើប្រាស់ធនធានដែលមានឱ្យអស់សិន៕
ដោយ៖ឡុង សំបូរ




