កិច្ចប្រជុំប្រាក់ឈ្នួលអប្បរនិងប្រជុំចុងក្រោយនៅថ្ងៃទី១៩ខាងមុខ ខណៈការចរចារភាគីនិយោជកដំឡើងត្រឹម ២ដុល្លារ
ភ្នំពេញ៖ កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមា សំរាប់បុគ្គលិក កម្មករ ឆ្នំា២០២៤ លើកទី៤ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ភាគីនិយោជក សុំត្រឹមរក្សាតម្លៃនៅដដែល ពោលគឺ ២០៤ ដុល្លារ ឆ្នាំចាស់ ដំឡើង បន្ថែម២ ដុល្លារ ស្មើរនិង២០៦ ខណៈដែលនិយោជកក៏បានលើកពីហេតុពីភាពប្រគួតប្រជែង ក៏ដូចជា ប្រាក់ឈ្នួលអប្បបរមា នៅតាមបណ្តាប្រទេសផ្សេងៗទៀត ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ឲ្យដឹងថា សម្រាប់កិច្ចប្រជុំត្រីភាគី លើកទី៤ ក្នុងថ្ងៃនេះ ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើរតួលេខកំណើនរបស់ខ្លួនចំនួន ៣ផ្សេងៗគ្នា គឺតួលេខកំណើន ៦ដុល្លារ, ៧ដុល្លារ និង ១០ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្ន ២០៤ដុល្លារ ។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមា ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឲ្យដឹងថា ក្រោយឆ្លងកាត់កិច្ចប្រជុំជាលក្ខណៈត្រីភាគីផង ក៏ដូចជាលក្ខណៈផ្ទៃក្នុងរបស់ភាគីមួយៗផង គឺបានសម្រេចឯកភាព នឹងជួបប្រជុំគ្នាចុងក្រោយ នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប។
លោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានលើកឡើងថា រហូតមកដល់ពេលនេះ សហជីពមានបទពិសោធន៍ច្រើនក្នុងការសម្រេចលើតួលេខដែលត្រូវដាក់ដើម្បីពិភាក្សាជាបន្តបន្ទាប់ ។
លោកបន្ថែមថា សម្រាប់តួលេខដែលដាក់ចេញរបស់ភាគីសហជីពផ្សេងៗគ្នាខាងលើ ក៏មិនប្រាកដថា នៅថ្ងៃចុងក្រោយមានតួលេខទាំង៣ ឬក៏បង្រួមតួលេខណាមួយទេ ដែលនេះជាលទ្ធិប្រជាធិបតេយ្យក្នុងការសម្រេចចិត្តរបស់ភាគីសហជីព ហើយសម្រាប់ក្រុមនីមួយៗ ខណៈសហជីពទាំងអស់ គឺបានគិតប្រយោជន៍ជារួមដូចគ្នា ទៅដល់កម្មករនិយោជិត។
គួរបញ្ជាក់ថា ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មកាត់ដេរជារៀងរាល់ឆ្នាំនេះ ពិភាក្សាគ្នាដោយផ្អែកទៅលើមូលដ្ឋានបម្រែបម្រួលលក្ខណៈ វិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចចំនួន ៧ចំណុច ក្នុងនោះរួមមាន៖ ស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា