Joby Aviation ចង់រកស៊ីរត់តាក់ស៊ីហោះនៅអារ៉ាប់រួម
ឌូប៉ៃ : ក្រុមហ៊ុន Joby Aviation បានក្លាយជាប្រតិបត្តិករតាក់ស៊ីផ្លូវអាកាសដំបូងគេ ដែលដាក់ពាក្យស្នើសុំវិញ្ញាបនបត្រដឹកជញ្ជូនតាមផ្លូវអាកាសពាណិជ្ជកម្មនៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម។
ពាក្យស្នើសុំរបស់ក្រុមហ៊ុន Joby ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូល Advanced Air Mobility Summit ដែលរៀបចំដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិនៅទីក្រុងម៉ុនត្រេអាល់ ប្រទេសកាណាដាក្នុងសប្តាហ៍នេះ។
វិញ្ញាបនបត្រប្រតិបត្តិករផ្លូវអាកាស គឺជាតម្រូវការដែលចេញដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលទូទៅរបស់អេមីរ៉ាត់អារ៉ាប់រួម ហៅកាត់ថា (GCAA) ដើម្បីដំណើរការការដឹកជញ្ជូនតាមផ្លូវអាកាសពាណិជ្ជកម្មនៅក្នុងប្រទេសនេះ។
លោក JoeBen Bevirt ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Joby Aviation បាននិយាយថា តាក់ស៊ីហោះអគ្គិសនីរបស់ Joby រចនាឡើងដើម្បីដឹកអ្នកបើកយន្តហោះ និងអ្នកដំណើរ ៤នាក់ទៀតក្នុងល្បឿនជាង ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។
លោក Bevirt បន្ថែមថា វានឹងធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិឌូបៃ ទៅកាន់កោះ Palm Jumeirah ដែលជាធម្មតាចំណាយពេល ៤៥នាទីតាមរថយន្ត កាត់បន្ថយនៅសល់ត្រឹមតែ ១០នាទីប៉ុណ្ណោះ។
សេវាកម្មតាក់ស៊ីហោះផ្លូវអាកាស ត្រូវបានរំពឹងថា នឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួមក្នុងឆ្នាំ ២០២៥៕ ប្រភព ÷khaleejtimes ប្រែសម្រួលដោយ ÷ ឈឹម ទីណា