កម្ពុជា ធ្វើម្ចាស់ផ្ទះ ការប្រកួតឃីកបុកស៊ីងជើងឯកអាសុី ២២ប្រទេស

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា​គូសបញ្ជាក់ថា ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៤ (Kick Boxing Asian Championship 2024) ត្រូវបានរៀបចំធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ​ដំបូងរបស់កម្ពុជា ពីថ្ងៃទី០៧-១៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានកីឡដ្ឋានជាតិអូឡាំពិក ដោយមានអត្តពលិកជាតិ-អន្តរជាតិជាង ៦០០នាក់។

ឯកឧត្តម ហេង សុខឃន លើកឡើងថា ៖«ការប្រកួតអន្តរជាតិជាលើកទី១នៅកម្ពុជា នឹងមានអត្តពលិកជាង ៦០០នាក់ចូលរួមប្រកួតប្រជែងមេដាយមកពី២២ប្រទេស​ក្នុងអាស៊ី ខណៈម្ចាស់ផ្ទះកម្ពុជាបានត្រៀមកីឡាករ កីឡាការិនីរបស់ខ្លួនជាង ៥០នាក់។ ក្នុងនោះប្រទេសប្រទេសដែលត្រៀមបញ្ជូនអត្តពលិករបស់ខ្លួនច្រើនជាងគេ គឺប្រទេស​អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលមានជាង ៦០នាក់ដូចគ្នា ខណៈបណ្តាប្រទេសមួយចំនួនទៀត​ត្រៀម​បញ្ជូនអត្តពលិកចន្លោះពី៣០នាក់ទៅ៤០នាក់»។

បន្ថែមពីលើនេ ប្រធានសហព័ន្ធឃីកបុកស៊ីងកម្ពុជាគូសបញ្ជាក់ថា បណ្តាប្រទេសនានា​ចង់ចូលរួមប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា ដែលមានសុខសន្តិភាពពេញលេញ និងសុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើន ម្យ៉ាងទៀតអន្តរជាតិបានមើលឃើញពីការធ្វើ​ម្ចាស់ផ្ទះរបស់កម្ពុជាដោយជោគជ័យ កាលពីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣កន្លងទៅ។ «ក្នុងនាមសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា យើងពិតជាមាន​មោទនភាពណាស់ ដែលបរទេសផ្តល់ទំនុកចិត្តលើកត្តាសុខសន្តិភាពរបស់កម្ពុជា។ សហព័ន្ធបានត្រៀមខ្លួនគ្រប់យ៉ាង ដើម្បីត្រៀមទទួលស្វាគមន៍មិត្តអន្តរជាតិ មកប្រកួត​នៅប្រទេសកម្ពុជាជាមួយនឹងកិច្ចសហការយ៉ាងល្អជាមួយសហព័ន្ធកីឡាអន្តរជាតិ ដើម្បីទទួលបានទំនុកចិត្តកាន់តែខ្លាំង»។

ពេលនេះ ការទទួលការចុះឈ្មោះកីឡាករ កីឡាការិនីអន្តរជាតិមិនទាន់បិទ​បញ្ចប់​នៅឡើយទេ ដោយបន្តចុះឈ្មោះរហូតដល់ជិតថ្ងៃប្រកួតតែម្តង ខណៈការប្រកួតផ្លូវការ​នឹង​ត្រូវធ្វើឡើងពីថ្ងៃទី០៧ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋាន​ជាតិអូឡាំពិក រាជធានីភ្នំពេញ។

ក្នុងចំនួនថវិកាឧបត្ថម្ភគាំទ្ររបស់ដៃគូនានា យើងរ៉ាប់រងលើការហូបចុកស្នាក់​នៅទាំង​អស់ ជាពិសេសគឺការស្នាក់នៅសណ្ឋាគារភ្នំពេញ ដែលយើងបានកក់ទុកទាំងអស់ ហើយការហូបចុកមានកម្រិតខ្ពស់នៅសណ្ឋាគារភ្នំពេញនេះតែម្តង សម្រាប់ប្រតិភូ និងកីឡាករ។ ឯកឧត្តម ហេង សុខឃន ក៏បានអំពាវដល់ប្រជាពលរដ្ឋចូលរួមទស្សនា​គាំទ្រលើកទឹកចិត្តឱ្យបានច្រើនកុះករ ដោយមិនមានការលក់សំបុត្រទេ ដោយការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រនៃជើងឯកឃីកបុកស៊ីអាស៊ីនេះ ដោយមានអត្តពលិកអន្តរជាតិជាង ៦០០នាក់ចូលរួម៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner