អគារ និងទីលានផ្ទុកសំរាមនៅក្រុងសិរីសោភ័ណ នឹងរួមចំណែកបង្កើតបរិស្ថានល្អដល់ការរស់នៅ
បន្ទាយមានជ័យ៖ អគារញែកកាកសំណល់ និងទីលានចាក់សំរាមថ្មីដែលមានកម្រិតស្តង់ដារលើកដំបូងលើផ្ទៃដីទំហំ១១ ហិកតា
នៅខេត្តបន្ទាយមានជ័យ ខណៈនេះសម្រេចសាងសង់បានប្រមាណ៧០ភាគរយហើយ ។អ្នកជំនាញរំពឹងថា សមិទ្ធផលនេះនឹងរួមចំណែកដល់ការលើកកម្ពស់សុខភាព និងបរិស្ថានល្អសម្រាប់រស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ពិសេសប្រជាពលរដ្ឋក្រុងសិរីសោភ័ណនិងបណ្ដាស្រុកមួយចំនួន បន្ទាប់ពីដាក់ឱ្យដំណើរការ។

អគារញែកកាកសំណល់ និងទីលានចាក់សំរាមថ្មីនៃខេត្តបន្ទាយមានជ័យ មានទំហំផ្ទៃដីសរុប១១ហិកតា ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ អគារនិងទីលានថ្មីនេះដំណើរការសាងសង់បាន៧០ភាគរយហើយ ក្រោមថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី ឬអេឌីប៊ី( ADB) តាមរយៈរដ្ឋាភិបាលជាគម្រោងកែលំអបរិស្ថានក្រុងរបស់ខេត្តជុំវិញបឹងទន្លេសាបជំហាន២ ដែលមានខេត្តកំពង់ធំ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ។ទីលានដ៏ធំដំបូងគេរបស់ខេត្តបន្ទាយមានជ័យត្រូវបានសាងសង់តាមលក្ខណៈបច្ចេកទេស ។

លោក ឃ្លោក នួយ អភិបាលរងខេត្តក្នុងនាមឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារបច្ចេកទេស បានអញ្ជើញទៅពិនិត្យដំណើរការសាងសង់ទីលានចាក់សំរាមនៅថ្ងៃទី១៣ ខែកញ្ញា ។លោកបញ្ជាក់ថា អគារ និងទីលាននេះ ឆ្លើយតបទៅនឹងការគ្រប់គ្រងបរិស្ថានបានល្អសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ។រក្សាមិនឱ្យមានក្លិនប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញដ្បិតអីទីតាំងផ្ទុកសម្រាមនៅឆ្ងាយពីមូលដ្ឋានលំនៅឋានរស់នៅរបស់ប្រជាពលរដ្ឋ ។

ទន្ទឹមនេះលោកអភិបាលរងខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការចោលសម្រាមពាសវាលពាសកាល និងវេចខ្ចប់សម្រាមទុកដាក់ឱ្យបានត្រឹមត្រូវ ងាយស្រួលដល់ក្រុមដឹកជញ្ជូនសម្រាម។ ពិសេសធ្វើឱ្យអនាម័យ បរិស្ថានស្អាត ដែលផ្តល់នូវសុខភាពល្អ ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

