ប្រវត្តិពូជគ្រាប់ចន្ទី M23ជាចន្ទីខ្លាំងរបស់កម្ពុជា និងកំពុងទទួលស្គាល់នៅទីផ្សារក្រៅប្រទេស
(ភ្នំពេញ)៖ចន្ទីពូជ M23 គឺជាពូជរបស់ខ្មែរដែលកំពុងពេញនិយមដាំ ហើយផ្តល់ផលឱ្យកសិករ៣ដងក្នុងមួយរដូវ(ដើមដៃ កណ្តាលដៃ និងចុងដៃ) ខណៈពូជដទៃទៀត ប្រមូលផលបានតែមួយដងទេ នាដើមដៃ ឬដើមរដូវប៉ុណ្ណោះ។ ចន្ទី M23 ធន់នឹងអាកាសធាតុ ដាំដុះបានទិន្នផលខ្ពស់ មានគ្រាប់ធំល្អ មានរសជាតិឆ្ងាញ់។ស្វាយចន្ទីគឺជាដំណាំឧស្សាហកម្មនាំចេញលំដាប់ទី៣របស់កម្ពុជា បន្ទាប់ពីស្រូវ និងដំឡូងមី។
តាមរយៈឃ្លីបវីដេអូរបស់ក្រសួងកសិកម្ម រុក្ចាប្រមាញ់ និងនេសាទនៅថ្ងៃទី១៣ ខែកញ្ញា ឯកឧត្តម វ៉ារុនសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកស្រាវជ្រាវពូជចន្ទីបានឱ្យដឹងថា៖ប្រវត្តិនៃការស្រាវជ្រាវរកពូជ ចន្ទី M23 នេះកើតឡើងបន្ទាប់ពីការបរាជ័យនៃការដាំច្រើនដងពោលគឺ៦ទៅ៧ដងរួចមក។កាលនោះការដាំដើមចន្ទីមិនផ្តល់ផលបានច្រើនទេដោយសារតែយើងបានយកគ្រាប់មកដាំ។
ឯកឧត្តមបានលើកឡើងថា”យើងបានទៅរកប្រទេសជិតខាងដូចជាវៀតណាម ថៃ ដើម្បីទៅរកពូជថ្មីដាំជំនួសពូជចាស់។ពេលនោះយើងមានទំហំដីសរុបជាង២ពាន់ហិកតា ឬមានដើមចន្ទីប្រមាណ៤សែនដើម ប៉ុន្តែនៅពេលដែលយើងទៅដល់វៀតណាម យកពូជគេមកដាំជាលទ្ធផលមិនបានល្អទេ ។អញ្ចឹងបន្ទាប់ពីនោះយើងបានខិតខំស្រាវជ្រាវ ដើមចន្ទីទាំង៤សែនដើមរបស់យើងវិញ ដើម្បីឱ្យបានដឹងថាដើមចន្ទីណាដែលមានផ្លែច្រើន គ្រាប់ធំ សម្រាប់ផ្សំាយកមកទុកធ្វើពូជតែម្តង។
ឯកឧត្តម វ៉ារុនសានបានបញ្ជាក់ប្រាប់ដែរថា៖ពូជចន្ទី M23នេះជាទូទៅមានផ្កា៣ដងក្នុងមួយរដូវ ផ្កាលើកទី១ ក្នុងរង្វង់ខែវិច្ឆិកា ប្រហែលមិនលើស ២០ភាគរយនៃត្រួយដើមរបស់វាទេ។ផ្កាលើកទី២នៅចុងខែធ្នូ ប្រហែល៦០ភាគរយ និងផ្កាលើកទី៣ វានឹងចេញផ្កាសម្រាប់ត្រួយដែលនៅសេសសល់ក្នុងអំឡុងខែកុម្ភៈ ហេតុនេះហើយទើបវាបានក្លាយជាចន្ទីដែលមានលក្ខណៈពិសេស ព្រោះចន្ទីជាទូទៅផ្កាមួយដងគត់តែសម្រាប់ចន្ទី M23ផ្កា៣ដង ។ដោយសារវាផ្កា៣ដងនេះដែរទើបធ្វើឱ្យគ្រាប់របស់វាធំ ។ដើមចន្ទីវាត្រូវស្រូបជីជាតិចិញ្ចឹម អញ្ចឹងវាត្រូវស្រូប៣ដង តែបើស្រូបម្តងគ្រាប់វាមិនធំទេ ។លក្ខណៈល្អទី២ទៀតនៃចន្ទី M23នេះគឺបើវាជួបបញ្ហាអាកាសធាតុភ្លៀងជាទូទៅវានៅតែហុចផល ខុសពីពូជផ្សេងដែលនៅពេលជួបភ្លៀងនៅពេលផ្កា ឬត្រូវសន្សើមប្រៃ វានឹងទទួលរងការខូចខាត ។ទិន្នផលដែលធ្លាប់បានច្រើនដូចជាមួយហិកតាបាន២តោន បើជួបបញ្ហានេះវាអាចធ្លាក់មកត្រឹម២០០គីឡូក្រាមក៏មានដែរ ។ ចំណុចទី៣វាធន់នឹងអាកាសធាតុ ដូចជាបើករណីអាកាសធាតុត្រជាក់ក្រោម២៣អង្សាសេ វានឹងជួបបញ្ហាអត់កាន់ក្តិបផ្លែទេ តែសម្រាប់ចន្ទី M23កាលណាត្រជាក់ក្រោម២៣អង្សាសេវាសុខចិត្តក្រាំង អត់ខូចផ្កាឡើ់យ ។ពេលដែលអាកាសធាតុល្អឡើងវិញវានឹងកាន់ក្តិបតែម្តង។ចន្ទី M23មានសភាពល្អមួយទៀតគឺធម្មតាកញ្ចុំផ្កាវានឹងរីកជាង២០ថ្ងៃទើបអស់តែបើផ្កាណារីកចំថ្ងៃភ្លៀងវានឹងខូចពិតមែន តែផ្កាដែលរីកថ្ងៃបន្ទាប់ គ្មានភ្លៀងវានឹងកាន់ក្តិបទាំងអស់។
ទាក់ទិននឹងការស្រាវជ្រាវចន្ទី M23នេះដែរ ត្រូវបានឯកឧត្តម វ៉ារុនសាន បញ្ជាក់ប្រាប់ថា”នៅពេលស្រាវជ្រាវឃើញពូជចន្ទី M23 នេះមានដើមមេ និងមានលក្ខណៈពេញលេញរយៈពេល៧ទៅ៨ឆ្នាំហើយទើបក្រសួងធ្វើការផ្សព្វផ្សាយ។យើងផ្សព្វផ្សាយនៅឆ្នាំ២០០៥។បច្ចុប្បន្ននេះពលរដ្ឋកម្ពុជាបាននាំគ្នាដាំចន្ទី M23នេះមិនតិចជាង៩០ភាគរយទេ និងក្រៅពីនេះទើបគេដាំពូជផ្សេងទៀត។ពូជផ្លែចន្ទីប្រភេទនេះស្រួលដាំ ស្រួលលក់ គ្រាប់ធំ មួយរដូវផ្កា៣ដង។កសិករដាំមិនងាយបរាជ័យ”។
ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថាកត្តាពូជនៃការដាំចន្ទីសំខាន់ណាស់ពីព្រោះក្រៅពីទទួលបានផលខ្ពស់ហើយនៅមានរស់ជាតិឆ្ងាញ់ដែលងាយស្រួលលក់លើទីផ្សារ។នៅប្រទេសកូឌីវ័យផ្ទៃដីដាំចន្ទីរបស់គេជាង១លាន៣សែនហិកតាតែបរិមាណទិន្នផលក្នុងឆ្នាំ២០២១គេចាញ់យើង ។យើងដាំតែ៧០ទៅ៨០ម៉ឺនហិកតា ប៉ុន្តែយើងបានទិន្នផល ១លាន ១សែនតោន តើហេតុអ្វីយើងបានខ្ពស់ច្រើនបែបនេះ។ដីតូចតែហេតុអ្វីបានទិន្នផលច្រើន ចំណុចនេះហើយទើបបរទេសឆ្ងល់ តែនៅពេលយើងពន្យល់ទើបគេជឿ។នៅកូឌីវ័រមួយហិកតាបានចន្ទីសើមតែ៦ទៅ៨រយគីឡូក្រាមទេ ប៉ុន្តែកម្ពុជាយើងអាចដល់៣តោនកន្លះ។ដីតូចពិតមែន តែពូជយើងល្អ អញ្ចឹងបរិមាណទិន្នផលច្រើនជាងប្រទេសដែលមានផ្ទៃដីធំទៅទៀត។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ប្រាប់ថា៖ ក្នុងរយៈពេល ៨ខែដើមឆ្នាំនេះកម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង៨៧ម៉ឺនតោន ដោយក្នុងនេះបាននាំចេញទៅកាន់ប្រទេសវៀតណាម ៨០ម៉ឺនតោន។សម្រាប់ប្រទេសចិនពុំចង់បានគ្រាប់ឆៅទេពោលគឺចង់បានគ្រាប់កែច្នៃពីព្រោះថាតម្លៃពលកម្មនៅប្រទេសគេថ្លៃ ហេតុនេះហើយទើបគេចង់បានគ្រាប់ចន្ទីកែច្នៃពាក់កណ្តាលសម្រេច។សម្រាប់ប្រទេសឥណ្ឌាត្រូវការតែគ្រាប់ចន្ទីឆៅផងដែរ ប៉ុន្តែដោយសារការដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌាមានរយៈចម្ងាយឆ្ងាយ អញ្ចឹងហើយការទិញរបស់ប្រទេសឥណ្ឌាទើបតម្លៃទាបជាងឈ្នួញ ប្រទេសវៀតណាម ហេតុនេះទើបប្រជែងមិនឈ្នះវៀតណាមទេ។
បើតាមលោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ចាប្រមាញ់ និងនេសាទបានថ្លែងថាកម្ពុជាមានមោទនភាពគ្រាប់ចន្ទីពីព្រោះក្រៅពីមានរស់ជាតិឆ្ងាញ់ជាងគេ ហើយនៅមានការនាំចេញច្រើនបើប្រៀបធៀបនឹងប្រទេសដទៃទៀតផង។
ក្រសួងកសិកម្មវិញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤បានឱ្យដឹងថា៖រយៈពេល ៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅជាង ៨៣ម៉ឺនតោន ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក។
យោងតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណ ៨៣៧ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ៦៥៦០០ តោន។ដោយឡែកឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៦៧ម៉ឺនតោន ដែលមានតម្លៃ ១,០៧៧ ពាន់លានដុល្លារ ដោយទីផ្សារសំខាន់ៗមានប្រទេសវៀតណាម ជប៉ុន និងចិន៕
ដោយ ៖ ម៉ាដេប៉ូ