បន្ទាប់មានផ្លូវបេតុង អ្នកឃុំបវេល កាន់តែប្រែមុខមាត់ថ្មី
បាត់ដំបង៖មិនយូរប៉ុន្មានប្រជាពលរដ្ឋរស់នៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងនឹងទទួលបានផ្លូវក្រាល បេតុងប្រវែង១៨៨៣ម៉ែត្រ,ខ្នងផ្លូវទទឹង៦ម៉ែត្រនិងតួផ្លូវទទឹង៥ម៉ែត្រ។ការសាងសង់នឹងបញ្ចប់នៅពេលឆាប់ៗខាងមុខ។បច្ចុប្បន្ននៅសល់តែការបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវ និងដាំដើមឈើអមសងខាងផ្លូវតែប៉ុណ្ណោះ។

ទៅពិនិត្យសមិទ្ធផលថ្មីសន្លាងមួយនេះកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញដល់អាជ្ញាធរមូលដ្ឋានផ្ទាល់ ឱ្យចុះណែនាំប្រជាពលរដ្ឋដែលរស់នៅតាមសងខាងដងផ្លូវ មិនត្រូវលក់ដូរឬសង់សំណង់ រំលោភលើដងផ្លូវនិងចំណីផ្លូវដែលអាជ្ញាធរបានផ្សព្វផ្សាយកំណត់ណែនាំរួចមកហើយនោះឡើយ។ទន្ទឹមនេះត្រូវចូលរួម ថែរក្សាសមិទ្ធផលថ្មីនៅទីនេះហើយក៏ត្រូវមានវិធានការទប់ស្កាត់កុំឱ្យរថយន្តធុនធ្ងន់ផ្ទុកលើសទម្ងន់បើកបរនៅលើផ្លូវនេះជា។

ជាមួយនឹងវត្តមានចុះផ្ទាល់ដល់មូលដ្ឋានរបស់ឯកឧត្តមអភិបាល ប្រជាពលរដ្ឋនិងអាជ្ញាធរឃុំនៅទីនោះសម្ដែងនូវទឹកចិត្តរំភើប
រីករាយ និងអរគុណរដ្ឋបាលខេត្តដែលបានគិតគូរដល់ប្រជាពលរដ្ឋ។ ពិសេសនៅពេលមានផ្លូវបេតុងមួយខ្សែនេះការរស់នៅ របស់ពួកគាត់នឹងកាន់តែប្រសើរឡើង ដោយសារការធ្វើដំណើរកាន់តែមមាញឹក។

ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ ក៏បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ភូមិ បំផុសប្រជាពលរដ្ឋឱ្យចូលរួមដាំដើមឈើ និងថែទាំរុក្ខជាតិដែលដាំរួចតាមសងខាងដងផ្លូវឱ្យបានដុះលូតលាស់ល្អ។ឯកឧត្តមក៏បានប្រាប់ប្រជាពលរដ្ឋនៅទីនោះក្រោយមានផ្លូវបេតុងរួចរាល់នឹងមានបំពាក់អំពូលសូឡាបំភ្លឺផ្លូវនិងសំណូមពរឱ្យចូលរួមថែទាំដើម្បីសោភណភាពនិងបរិស្ថានល្អសម្រាប់ការរស់នៅ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.


