ជាប់គាំងលើសមុទ្រ២០ម៉ោង ប្តីប្រពន្ធវៀតណាមនៅមានជីវិត

ហាណូយ៖ កាសែត VNexpress បានចុះផ្សាយអំពីប្ដីប្រពន្ធវៀតណាម ប្រកប របរនេសាទ ជាង១៥ឆ្នាំ នៅមានជីវិត បន្ទាប់ពីជាប់គាំង នៅលើសមុទ្រ ២០ម៉ោង អំឡុងការវាយប្រហាររបស់ព្យុះទីហ្វុង Yagi ហើយពួកគេបានចែករំលែកបទពិសោធន៍ ដ៏រន្ធត់នេះ។

កាលពីថ្ងៃទី៧ ខែកញ្ញា លោកស្រី Nguyen Thi Lan និង ស្វាមី Vu Van Hiep វ័យជាង៤០ឆ្នាំដូចគ្នា បានដឹងមុនថា ព្យុះនឹងបក់បោកយ៉ាងខ្លាំង កសិដ្ឋានជាក្បូនរបស់គេដែលមានទ្រុងចិញ្ចឹមត្រីចំនួន១០០ទ្រុង ជាមួយនឹងបង្គោលឈើចំនួន៦០ដើម ត្រូវតែបន្ថែមបង្គោលចំនួន ៤០ ផ្សេងទៀត និងខ្សែពួរបោះយុថ្កា នៅលើភ្នំក្បែរនោះ ដើម្បីស្ថេរភាព។

អ្នកស្រី Lan បានរៀបរាប់ថា ខណៈដែលស្ថិតនៅលើក្បូនបណ្តែតទឹក លោកស្រីបានរុំទូរស័ព្ទនៅក្នុងថង់ប្លាស្ទិក ចងជាប់នឹងខ្លួន ពាក់អាវពោង កាន់ដៃប្តីបណ្តែតទឹក ស្វែងរកទីជំរក។ មុនពេលដឹងថា ក្បូនអណ្តែតនឹងត្រូវសមុទ្រលេបត្របាក់នោះ ពួកគេបានលោតឡើងលើទូកដែលគ្មានដំបូល ហើយបានចុះចូលទៅក្នុងទ្រុង នៅក្រោមទូក និងបិទទ្វារ ដើម្បីការពារ។

ខណៈខ្យល់បានធូរស្រាល មួយរយៈពេលខ្លី ពួកគេបានលោត ទៅលើកន្លែងស្តុកទុកឧបករណ៍នេសាទ។ មានតែប្រអប់ស្តុកត្រីមួយប៉ុណ្ណោះ ដែលធ្វើពីឈើខាងក្រៅ និងមានពពុះ នៅខាងក្នុង មានទំហំប្រហែលបីម៉ែត្រការ៉េ។ ពួកគេបានលាក់ខ្លួន នៅខាងក្នុងនោះ ពេញមួយយប់។

លុះព្រឹកឡើង ថ្ងៃទី៨ ខែកញ្ញា ទើបត្រូវបានកងកម្លាំងប្រើកាណូតល្បឿនលឿនមកសង្គ្រោះ ដោយបានសរសើរថា ពួកគេអាចរស់នៅបាន ទាំងគ្មានទឹក គ្មានអាហារ ខ្យល់បោកបក់ខ្លាំង ពេញមួយយប់។

គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារព្យុះ Yagi នៅវៀតណាម កើនដល់២៦២នាក់ បាត់ខ្លួនរាប់សិបនាក់ទៀត គិតត្រឹមថ្ងៃសៅរ៍៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner