សម្ដេចតេជោ ហ៊ុន សែន រំលឹកខួប ២០ឆ្នាំ បន្ទាប់ពីត្រូវបានបញ្ចូលជាសមាជិកគណ:មេធាវី

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកថា ថ្ងៃនេះ គឺជាខួប២០ឆ្នាំ (១៥ កញ្ញា ២០០៤-១៥ កញ្ញា ២០២៤ ) ដែលសម្តេចតេជោ ហ៊ុន សែន ត្រូវបានបញ្ចូលជាសមាជិកគណ:មេធាវី ។

សម្ដេចតេជោ បានបន្តថា ផ្តើមចេញពីបទពិសោធន៍ការដឹកនាំអនុវត្ត និងសញ្ញាបត្រជំនាញជាន់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាគណ:មេធាវី ក្នុងអាណត្តិដឹកនាំរបស់លោកមេធាវី គី តិច ពិនិត្យសម្រេចលើកម្រិតសញ្ញាបត្រ លក្ខណៈសម្បត្តិ តាមផ្លូវច្បាប់ បញ្ចូលជាសមាជិកគណ:មេធាវី និងបានធ្វើពិធីសម្បថនៅចំពោះក្រុមប្រឹក្សាសាលាឧទ្ធរណ៏ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ ដែលថ្ងៃនេះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយជាសមាជិកគណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា «២០ឆ្នាំ» ហើយ ។

តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាអតីតប្រធានគណ:មេធាវី អាណត្តិទី៥-៦ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ពិតជាបានគិតគូរប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ជួយទ្រទ្រង់ដល់រាល់សកម្មភាព និងកិច្ចការរដ្ឋបាលទូទៅរបស់គណ:មេធាវី មានជាអាទិ៍ ដូចខាងក្រោម៖

  • ជាស្ថាបនិកផ្តួចផ្តើមបង្កើត និងអនុម័តផ្តល់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់គណ:មេធាវីធ្វើប្រតិបត្តិការការពារក្តីជូនជនក្រីក្រ ក្នុងក្របខណ្ឌទូទាំងប្រទេស ។
  • ផ្តល់អគាររបស់រដ្ឋ ជាកម្មសិទ្ធិរបស់គណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាទីស្នាក់ការរដ្ឋបាល រហូតបច្ចុប្បន្ន ។
  • អនុម័ត ផ្តល់ថវិកាឧបត្ថម្ភ ដល់និសិ្សតដែលកំពុងសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី ។
  • ជាស្ថាបនិកផ្តួចផ្តើមបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដោយផ្តល់ថវិកាផ្ទាល់ខ្លួនរបស់សម្តេច សម្រាប់ប្រតិបត្តិការពារក្តី និងពិគ្រោះ ប្រឹក្សាយោបល់ ជូនស្ត្រីងាយរងគ្រោះ មានជីវភាពខ្សត់ខ្សោយ និងខ្វះការការពារតាមផ្លូវច្បាប់ នៅក្នុងក្របខណ្ឌទូទាំងរាជធានី-ខេត្ត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner