សម្ដេចធិបតី អបអរសាទរខួប១ឆ្នាំ «រមណីយដ្ឋានប្រាសាទ​កោះកេរ»ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤បាន
ចេញនូវសារលិខិតអបអរក្នុងឱកាសខួប១ឆ្នាំ នៃការចុះរមណីយ​ដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១៧ កញ្ញា ២០២៣-១៧ កញ្ញា ២០២២៤។។

“រមណីយដ្ឋាន​​​ប្រាសាទកោះកេរ” របស់កម្ពុជាត្រូវបានចុះក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០២៣ កន្លងទៅតាមរយៈសេចក្តីសម្រេចលេខ 45 COM 8B.8 នៅក្នុង​សម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

សារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បានបញ្ជាក់ថា មហាសមិទ្ធផលដ៏ប្រសើរថ្លៃថ្លានេះ បានបង្ហាញ​ពីកិត្យានុ​ភាពវប្បធម៌ដ៏ខ្ពស់ត្រដែតរបស់ជាតិយើង ក្នុង ឆាកអន្តរជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយ​វីរភាព​ជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមម្លប់នៃសន្តិភាព ដែល​ជា​​សមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់​សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ក្នុងការបង្រួបបង្រួមជាតិ និងនាំមកជូន​ប្រជាជនកម្ពុជា​នូវភាពសុខដុមរមនា​សម្រាប់​ជាមូលដ្ឋាន ក្នុងការកសាង​ម​​និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការ​អភិរក្ស អភិវឌ្ឍនូវសម្បត្តិ បេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណី​ជាតិខ្មែរ ដែលជាកេរដំណែលដ៏ឧត្តុង្គឧត្តម​ពុំអាចកាត់​ថ្លៃបានរបស់បុព្វបុរសយើង បន្សល់ទុកជូនអ្នក​ជំនាន់ក្រោយ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តីបន្តថា ខ្ញុំក៏សូមយកឱកាសនេះ ធ្វើការកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លា ជូនចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិនិងអន្តរជាតិ ដែលបានខិតខំ​ព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកបដោយភាព​ប៉ិនប្រសប់និងវិជ្ជាជីវៈខ្ពស់ ពុះពារ ជម្នះ គ្រប់ការលំបាករហូត​សម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។

ខ្ញុំសូមថ្លែងអំណរគុណជាពិសេសផងដែរ ចំពោះមិត្តភក្តិអន្តរជាតិ​នៃព្រះរាជាណាចក្រកម្ពុជានិងឥស្សរជន ទាំងឡាយ ដែលបាន​ទទួល​ស្គាល់នូវតម្លៃដ៏មហស្ចារ្យជាសកលនៃ “រមណីយដ្ឋានប្រាសាទ​កោះកេរ” ដែលជាអតីត រាជធានីខ្មែរក្នុងសម័យអង្គរដ៏រុងរឿង កសាងដោយព្រះបាទជ័យវរ្ម័នទី៤។ រមណីយដ្ឋាននេះ បានបន្សល់ទុកនូវប្រាង្គ ប្រាសាទ រូបបដិមា សិលាចារឹក ចំណេះដឹងផ្នែក​រៀបចំក្រុងនិងប្រព័ន្ធធារាសាស្ត្របុរាណ ដែលចាំបាច់ត្រូវការពារ អភិរក្ស សិក្សាស្រាវជ្រាវ និងលើកតម្លៃឡើងវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តលើកជាសំណូមពរថា ជាមួយនឹងការអបអរសាទរនេះ ខ្ញុំសូមស្នើដល់សហប្រធានចិន និង​ឥណ្ឌា នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិង​លើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ព្រមទាំងប្រទេសជាសមាជិកទាំងអស់ ពង្រីកសកម្មភាពរបស់ខ្លួន បន្ថែមទៀត ដើម្បីជួយអភិរក្សនិងលើក​តម្លៃរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាសម្បត្តិរបស់មនុស្សជាតិ ទាំងមូល ដោយផ្អែកលើគំរូនៃកិច្ចសហការដ៏សកម្មដែល​មានស្រាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner