រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ម្ដងហើយម្ដងទៀត និងបានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម ព្រោះជាក់ស្ដែងណាស់ សហរដ្ឋអាមេរិក តែងតែកើតមានអំពើបាញ់ប្រហារឃោរឃៅ រហូតថ្មីៗនេះមានទាំងការប៉ុនប៉ង់សម្លាប់អតីតប្រធានាធិបតី និងក៏ជាបេក្ខជនប្រធានាធិបតី ដោយសារតែភាពជ្រុលនិយមខាងនយោបាយ។

ការថ្លែងថ្កោលទោសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាបានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ចំនួន៤ ដែលរួមមាន៖ វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៦ វគ្គបំប៉នជំនាញស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ច វគ្គបំប៉នជំនាញការងារគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍ ការស្នាក់នៅបណ្តោះអាសន្ននិងបាត់មុខ និងវគ្គបណ្តុះបណ្តាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់មន្រ្តីនគរបាលថ្នាក់ក្រោមជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្តិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ

ads banner