ខេត្តក្រចេះ ប្រឈមទឹកជំនន់គ្រប់ពេល ខណៈអាជ្ញាធរបានត្រៀមទីទួលជម្លៀស ពលរដ្ឋ ចេញរួចរាល់

(ខេត្តក្រចេះ)៖ ខេត្តក្រចេះប្រឈមទឹកជំនន់គ្រប់ពេល ជាពិសេសតំបន់អមសងខាងទន្លេមេគង្គ។ នេះជាការជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៧ ខែកញ្ញា បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម រួមទាំងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្យាករថា តំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គ ក្នុងប្រទេសថៃ និងឡាវ មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បណ្តាលឱ្យទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ ហក់ឡើងដល់កម្ពស់ ២០,៩ម៉ែត្រ ក្នុងរយៈពេល ៣ទៅ ៥ថ្ងៃខាងមុខ ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា នៅថ្ងៃទី១៧ កញ្ញានេះថា ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានហក់ឡើងដល់ ១៩,៨៤ម៉ែត្រ ខណៈកម្រិតត្រូវប្រកាសអាសន្នគឺ២២ម៉ែត្រ។ តែយ៉ាងណា កម្លាំងសមត្ថកិច្ច មិនធ្វេសប្រហែសនោះទេ គឺបានត្រៀមកងកម្លាំង បរិក្ខាសម្ភារៈសង្រ្គោះ ទីទួលសុវត្ថិភាព និងវិធានការនានា ដើម្បីសង្រ្គោះពលរដ្ឋពីការជន់លិចរួចរាល់ហើយ។

លោក ប្រាប់ដូច្នេះថា ៖ «ឥឡូវស្ថានភាពទឹកជំនន់ទន្លេមេគង្គក៏កំពុងកើនឡើងដែរ ប៉ុន្តែមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ ជាវិធានការ យើងបានរៀបចំរួចរាល់អស់ហើយ មានទាំងសម្ភារៈ គ្រឿងបរិក្ខាសង្រ្គោះ កងកម្លាំង និងទីទួលសុវត្ថិភាព ដើម្បីត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់»។

ចំណែក រដ្ឋបាលខេត្តក្រចេះវិញ ក៏បានណែនាំឱ្យពលរដ្ឋ តាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គជាប់ជាប្រចាំ និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំងដែលត្រូវជម្លៀសសត្វពាហនៈ និងក្រុមគ្រួសារ ទៅទីទួលសុវត្ថិភាព ក្នុងករណីទឹកជំនន់មានការគំរាមកំហែងដល់សុវត្ថិភាព។ ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវណែនាំគ្រប់សាលារៀន ជាពិសេសសិស្សានុសិស្ស និងអាណាព្យាបាល ឱ្យយកចិត្តទុកដាក់ខ្ពស់ដល់សុវត្តិភាព ការធ្វើដំណើររបស់សិស្សនៅតំបន់ទឹកជំនន់។

មុនការជូនដំណឹងពីរដ្ឋបាលខេត្តក្រចេះ នៅយប់ថ្ងៃទី១៧ ខែកញ្ញា ក៏មានករណីភ្លៀងធ្លាក់បង្កឱ្យមានជំនន់ប៉ះពាល់ដល់ភូមិចំនួន៥ នៅក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ផងដែរ។ ភ្លៀងធ្លាក់តាំងពីម៉ោង១ ដល់ម៉ោង៤ភ្លឺ បានបណ្ដាលឱ្យលិចទីធ្លាវត្តដារ ១កន្លែង, បឋមសិក្សា១កន្លែង, មណ្ឌលសុខភាពមួយកន្លែងជម្រៅ១,៤០ម៉ែត្រ, លិចក្រោមផ្ទះពលរដ្ឋ២០ខ្នង និងបានប៉ះពាល់ដល់ហេដ្ឋរចនាសម្ព័ន្ធមួយចំនួនផងដែរ ប៉ុន្តែមិនប៉ះពាល់ដល់មនុស្ស និងសត្វនោះទេ។

សូមជម្រាបថា កាលពីឆ្នាំ២០២៣ គ្រោះមហន្តរាយធម្មជាតិ បានសម្លាប់មនុស្ស ១០៣នាក់ និងរបួស ២៤៣នាក់។ ក្នុងនោះ ករណីរន្ទះបាញ់បានសម្លាប់មនុស្ស ៨៤នាក់, ខ្យល់កន្រ្តាក់ ៩នាក់ និងទឹក ជំនន់ ១០នាក់។ នេះបើតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕

ប្រភព ៖ ថ្មី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner