ដំណើរទស្សនកិច្ចប៉ែកឦសាន៖ ពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺទីតាំង​បង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម

ភ្នំពេញ៖នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋកម្ពុជាបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាន តាមការរៀបចំនិង​សម្របសម្រួល​យ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំងមានការ​ចូលរួមពីថ្នាក់ដឹកនាំនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន ថ្នាក់ដឹកនាំខេត្តនិងអាជ្ញាធរ​ក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។ ក្បួនរថយន្តនៃដំណើរទស្សនកិច្ចបានចេញដំណើរ​ពីរាជធានី​ភ្នំពេញនៅម៉ោង ៥ព្រឹក ថ្ងៃសៅរ៍ទី២១កញ្ញានេះ ក្នុងតម្រាយផ្លូវដែលបានកំណត់រួចគឺ៖ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ឱ្យដឹងតាមរយៈសារអេឡិចត្រូនិកថា​ដូចដំណើរទស្សនកិច្ចមុនៗដែរ ជាដំបូងដំណើរទស្សនកិច្ចជើងទីបី នេះបានអញ្ជើញទៅដល់ទីតាំងទី១នៅវេលាម៉ោង៨ព្រឹក គឺទីតាំងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅទីនោះ ដំណើរទស្សនកិច្ចបានពិនិត្យមើលឃើញដោយ​ផ្ទាល់អំពីជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងមូលដ្ឋាន ស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែងក្នុងមូលដ្ឋាន ជាពិសេសគឺទីតាំង​បង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រនេះ អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំ​និងមន្ត្រីជំនាញ ពាក់ព័ន្ធនឹងការងារព្រំដែន ការងារបោះ​បង្គោល​​ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា។

ឯកឧត្តមបន្តថា មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានស្វែងយល់ផងដែរអំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។ក្រោយពី​បាន​ចុះពិនិត្យនិងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចយើងបានបន្តដំណើរទៅកាន់​ទីតាំងសំខាន់ៗផ្សេងៗទៀតតាមផែនការដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរីជាបន្តបន្ទាប់។
ដំណើរទស្សនកិច្ចនឹងវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញនាល្ងាចនៃសៅរ៍ដដែលនេះ។

ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី នេះ អ្នកចូលរួមទាំងអស់មានឱកាស​អញ្ជើញ​ទៅពិនិត្យមើលដោយផ្ទាល់នូវបង្គោលព្រំដែននៅក្នុងទីតាំងចំនួន៧ ទីតាំង ដែលជាទីតាំងបង្គោលមេ ព្រមទាំងអញ្ជើញ​ទៅពិនិត្យ​មើលដោយផ្ទាល់នូវទីតាំងបង្គោលសំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោលតម្រុយព្រំដែន។

ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសក្ខីកម្មរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋា​ភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់​ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវ​ចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួម​ថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។ ជាងនេះទៀត សកម្មភាពនៃដំណើរ​ទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ​ទាំងក្នុង​និង​ក្រៅប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រ ព្រោះជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់​សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន។

ឯកឧត្តមបន្តថា ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្ត​ធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។

សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយ​ឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូល​រួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែន​ឡើយ។

សូមជម្រាបថា ដំណើរទស្សនកិច្ចប៉ែកឦសានបានចាប់ផ្តើមដំបូងនៅថ្ងៃទី៧ ខែកញ្ញា ដោយធ្វើរៀងរាល់ថ្ងៃសៅរ៍ចុងសប្ដាហ៍ និងធ្វើរហូតដល់ដំណាច់ឆ្នាំ២០២៤ ៕
ដោយ៖ពលជ័យ

ads banner