សម្ដេច ម៉ែន សំអន អញ្ជើញប្រកាស ទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ
(ខេត្តក្រចេះ)៖ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នៅឯសាលមហោស្រព ខេត្តក្រចេះ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានមានប្រសាសន៍ថា « ភារកិច្ចស្នូល ២ ក្នុងចំណោមភារកិច្ចស្នូលនានារបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យមានការរីកចម្រើន និងរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ » ។
សម្ដេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា ខេត្តក្រចេះ គឺជាខេត្តដ៏សំខាន់ និងផ្ដល់ភ័ព្វសំណាង ក៏ដូចជាអាយុជីវិតដល់ប្រជាជន និងប្រទេសកម្ពុជា ដ្បិតថា ភូមិជើងឃ្លូន ឃុំ ២ ធ្នូ ស្រុកស្នួល នៃខេត្តក្រចេះ នេះ គឺជាទីកំណើត នៃរណសិរ្ស ២ ធ្នូ ហើយប្រសិនបើពុំមានរណសិរ្ស ២ ធ្នូ ទេនោះ ក៏ពុំមាន ៧មករា ១៩៧៩ ដែរ ហើយបើពុំមាន ៧មករា ១៩៧៩ ទេនោះ អាយុជីវិតរបស់យើង អាយុជីវិតរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស និងប្រទេសជាតិខ្មែរទាំងមូល នឹងទៅជាយ៉ាងណា ហើយក៏ប្រាកជាមិនអាចមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យដូចថ្ងៃនេះដែរ ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីភារកិច្ចរបស់ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងគ្រប់សមាសភាពសង្គម ពង្រីកសាមគ្គី លើកកម្ពស់ការអប់រំ សីលធម៌ ចរិយាធម៌ មនសិការស្នេហាជាតិរក្សាប្រពៃណី ទំនៀមទម្លាប់ រក្សាឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី លើកកម្ពស់ការអប់រំ គោរពសិទ្ធិស្ត្រី សិទ្ធិកុមារ លិទ្ធិប្រជាធិបតេយ្យ សមភាព យុត្តិធម៌ សង្គម និងគោរពច្បាប់ ទប់ស្កាត់រាល់អំពើរំលោភបំពាន និងជិះជាន់កេងប្រវ័ញ្ចមកលើស្រ្តីភេទ និងកុមារ អប់រំប្រជាជនឱ្យយល់ដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ទប់ស្កាត់រាល់អំពើហិង្សាក្នុងគ្រួសារ ការរាលដាល ជំងឺឆ្លងនានា មានជំងឺអេដស៍ជាដើម ជួយចាស់ព្រឹទ្ធាចារ្យ ស្ត្រីមេម៉ាយ ជនពិការ និងកុមារកំព្រាគ្មានទីពំនឹង ដោយការបណ្តុះបណ្តាលមុខរបរសមស្រប ពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាងនិងពិភពលោក។
ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ ដូចតទៅ :
១-ស្វែងយល់ និងអនុវត្តឲ្យបាននូវគោលនយោបាយគោលការណ៍ដឹកនាំរបស់ បក្ស និងរាជរដ្ឋាភិបាល។
២-គោរព និងអនុវត្តតាមលក្ខន្តិកៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ឲ្យបានខ្ជាប់ខ្ជួន។
៣-ពង្រឹងរចនាសម្ព័ន្ធ និងពង្រីកសមាជិកសមាគមនារីឲ្យបានច្រើន។
៤-សមាសភាពសមាគមនារី ដែលបានកែសម្រួល និងបំពេញបន្ថែមថ្មីត្រូវ ចូលរួមអនុវត្តឱ្យបានជោគជ័យនូវទិសដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាព របស់ខេត្តក៏ដូចជាផែនការសកម្មភាពរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
៥-យកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងទាំងទស្សនៈ គោលជំហរ ឲ្យបានល្អ រួមគ្នាទទួលខុសត្រូវរាល់ភារកិច្ចដែលបានកំណត់ ពង្រឹងមិត្តភាព រក្សាទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំង អស់ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារ។
៦-ខិតខំការពារផលប្រយោជន៍ និងពង្រឹងសមត្ថភាពដល់ស្ត្រី តាមរយៈការ បណ្តុះបណ្តាលជំនាញ ជាពិសេសការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីមានលទ្ធភាពបំពេញការងារប្រកបដោយគុណភាព និងប្រសិតិភាព ក្នុងយុគសម័យឌីជីថល។
៧-រៀបចំប្រជុំគណៈកម្មការសាខាឲ្យបានទៀងទាត់ ដើម្បីរាយការណ៍ និងបូកសរុប វាយតម្លៃសភាពការណ៍ និងមានវិធានដោះស្រាយបានត្រឹមត្រូវ និងទាន់ពេលវេលា ៕
ដោយ ៖ ថេត វិចិត្រ