សម្តេចធិបតី៖ ទោះកម្ពុជាបានបិទបញ្ចប់កិច្ចសហប្រតិបត្តិការ CLV ក៏រាជរដ្ឋាភិបាលខិតខំកសាងនិងអភិវឌ្ឍន៍នៅតំបន់ភូមិភាគឦសាន ក៏ដូចជាការធានានូវកិច្ចការពារទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនដដែល
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ទោះកម្ពុជាបានបិទបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV DTA) ក្តីក៏រាជរដ្ឋាភិបាលខិតខំកសាង និងអភិវឌ្ឍន៍នៅតំបន់ភូមិភាគឦសានក៏ដូចជាការធានានូវកិច្ចការពារទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនដដែល ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលកំពុងរស់នៅតំបន់ភូមិភាគ ឦសាននេះតែម្តង។ នេះបើយោងតាមសារសំឡេងពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
តាមរយៈសារសំឡេងសម្តេចធិបតីបានបញ្ជាក់បន្ថែមថា ការរៀបចំដំណើរទស្សនកិច្ចនៅខេត្តតំបន់ភូមិភាគឦសាននៅរាល់ចុងសប្តាហ៍ចន្លោះពីខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤ គឺនៅបន្តរក្សាដដែល បើទោះបីជាពេល នេះកម្ពុជាបានបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTAក្តី។ ការប្រកាសបន្តនូវយុទ្ធនការដឹកពលរដ្ឋដោយឥតគិតថ្លៃនេះគឺ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានឱកាសបានទៅទស្សនាដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តោយព្រំដែនរបស់ប្រទេសកម្ពុជា។
សម្តេចធិបតីបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមបរិច្ចាគថវិកា ដោយស្ម័គ្រចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺមានចំនួនរហូតដល់ជាង៧០ម៉ឺននាក់ ដោយទទួលថវិកាបានចំនួនជាង២១លានដុល្លារ ខណៈក្រុមការងារមូលនិធិនឹងត្រូវបិទបញ្ចប់លែងទទួលយកនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបាននាំគ្នាបរិច្ចាគថវិកាដោយស្ម័គ្រចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលផងដែរ។
សូមរំលឹកថា ដំណើរទស្សនកិច្ចនៅខេត្តតំបន់ភូមិភាគឦសាននៅរាល់ចុងសប្តាហ៍ចន្លោះពីខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤ ក្រោមការផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមដោយស្ម័គ្រចិត្ត ដោយឥតគិតថ្លៃ យត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕
ដោយ៖ពលជ័យ