រាជរដ្ឋាភិបាល នៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសានប្រទេស ដោយធានាការ ការពារទឹកដី និងអធិបតេយ្យភាព
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសានប្រទេស ដោយធានាការការពារទឹកដី និងអធិបតេយ្យភាព ខណៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននៅបន្តទទួលរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ ។ នៅជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា តាមរយៈសារសម្លេងពិសេសនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការបន្តផែនការអភិវឌ្ឍភូមិភាគឦសាន នៃប្រទេសកម្ពុជា ដែលរួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់លើការកសាងផ្លូវក្រវាត់ព្រំដែន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសានប្រទេស ក៏ដូចជា ធានាការការពារទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះគឺជាការចង់បានរបស់ប្រជាជនខ្មែរច្រើនលើសលប់ ។
សម្តេចធិបតី បានថ្លែងបន្តថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានសម្រេចចិត្តបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ហើយមានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានលើកជាសំណួរថា បើរាជរដ្ឋាភិបាលបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ CLC-DTA ហើយ តើផែនការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងនោះរួមមាន៖ ការធ្វើទស្សនកិច្ចតាមព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដែលផ្ដោតការយកចិត្តទុកដាក់ទៅលើការកសាងផ្លូវក្រវាត់ព្រំដែន និងផែនការអភិវឌ្ឍខេត្តនៅតំបន់ភូមិភាគឦសានរបស់កម្ពុជានៅតែបន្តឬយ៉ាងណា ។
សម្តេចបញ្ជាក់ថា «ខ្ញុំធ្លាប់បាននិយាយនៅវេទិកាសាធារណៈជាច្រើនលើករួចមកហើយនាពេលកន្លងមក ទោះមាន ឬមិនមានកិច្ចសហប្របត្តិការ CLV-DTA ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសានប្រទេសរបស់ខ្លួន ក៏ដូចជាធានាការការពារទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះគឺជាការចង់បានរបស់ប្រជាជនខ្មែរច្រើនលើសលប់ ជាពិសេសប្រជាពលរដ្ឋរស់នៅភូមិភាគឦសានផ្ទាល់តែម្ដង» ។ ដូច្នេះការបន្តអនុវត្តគោលនយោបាយជំរុញការអភិវឌ្ឍភូមិភាគឦសានរបស់កម្ពុជា គឺនៅតែរក្សាដដែល គ្មានការប្រែប្រួល រួមទាំងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសផ្លូវក្រវាត់ព្រំដែន និង ដាក់ចេញកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគខេត្តភូមិភាគឦសាន ឆ្នាំ២០២៥ ដូចដែលខ្ញុំ បានប្រកាសកន្លងទៅនៅតែរក្សាដដែល ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ដោយសង្កេតឃើញចលនាបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនដែលផ្ដោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែននៅតែមានការចូលជាហូរហែ ដូច្នេះក្រុមមូលនិធិនៅតែទទួលរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ខាងមុខ ហើយពេលបញ្ចប់ក្រុមការងារនឹងជម្រាបជូនអំពីទិន្នន័យចុងក្រោយ រួមទាំងផែនការច្បាស់លាស់ក្នុងការប្រើប្រាស់មូលនិធីនេះ ដោយឈរលើគោលការណ៍តម្លាភាព និងគណនេយ្យភាព ដោយគិតមកដល់ពេលនេះមានពលរដ្ឋប្រមាណ ៧០ម៉ឺននាក់ហើយបានចូលរួម ដែលគិតជាថវិកាប្រមាណជាម្ភៃមួយលានដុល្លារអាមេរិក ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្តដល់មូនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលផ្ដោតលើការយកចិត្តទុកដាក់កសាងផ្លាតផ្លូវក្រវាត់ព្រំដែន។
សម្តេចធិបតី បានបញ្ជាក់បន្ថែមថា វិភាគទានស្ម័គ្រចិត្តដែលទទួលបានទាំងអស់នេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ។ សម្ដេចថា ការកសាងផ្លូវក្រវាត់ព្រំដែនបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ រវាងព្រំដែនយើងនឹងប្រទេសជិតខាងទាំងបី ហើយរហូតមកដល់បច្ចុប្បន្នយើងសម្រេចបានប្រមាណមួយពាន់បីរយគីឡូម៉ែត្រ ដែលនៅសេសសល់ប្រមាណជាមួយពាន់បីរយគីឡូម៉ែត្រនៅធ្វើបន្ត ។
ជាមួយគ្នានេះ សម្តេចធិបតី បានបញ្ជាក់ដែរថា ចំពោះការរៀបចំដំណើរទស្សនកិច្ចនៅខេត្តភូមិភាគឦសានរៀងរាល់ចុងសប្ដាហ៍ ចន្លោះខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ គឺនៅតែបន្តរក្សាដដែល ដើម្បីប្រជាពលរដ្ឋមានឱកាសទៅទស្សនាការវិវឌ្ឍជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនរបស់ប្រទេសកម្ពុជាយើង ៕
ដោយ ៖ វណ្ណលុក