ប្រតិភូខេត្តបន្ទាយមានជ័យ ២០០នាក់ ធ្វើទស្សនៈកិច្ចស្វែងយល់ពីការអភិវឌ្ឃន៍ ខេត្តភូមិភាគឥសាន្ត
(បន្ទាយមានជ័យ)៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការ កងកម្លាំង យុវជន ជាង ២០០នាក់ ធ្វើដំណើរតាមរយៈក្បួនរថយន្តក្រុង និង រថយន្តទេសចរណ៍ ផ្ទាល់ខ្លួនជាង ១០គ្រឿងបានចាកចេញ ពីសាលាខេត្ត ក្នុងដំណើឆ្ពោះទៅកាន់ខេត្ត៤ នៃភាគឦសានប្រទេស រយៈពេល ៣ថ្ងៃ ដើម្បីមើលឃើញជាក់ស្តែងនូវការ អភិវឌ្ឍដោយពិតប្រាកដ និងការ ការពារ បាននូវបូរណភាពទឹកដីនៅទីនោះ ។
តាមកម្មវិធី រសៀល ថ្ងៃទី២០ ខែកញ្ញា ទៅដល់ស្រុកស្នួលខេត្តក្រចេះដោយទស្សនាតំបន់អភិវឌ្ឍន៍នៅច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ (ស្រុកស្នួលខេត្តក្រចេះ-ស្រុកឡុកនិញប៊ិញភឿក),ទស្សនាវិមាន២ធ្នូ ជាទីកន្លែងប្រវត្តិសាស្ត្រ បង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ១៩៧៨ នៅឃុំ២ ធ្នូស្រុកស្នួល ។
ព្រឹកថ្ងៃទី២១ ខែកញ្ញា ប្រតិភូបន្តដំណើរទៅទស្សនកិច្ច តាមបណ្តោយ ផ្លូវជាតិលេខ៨៦ និងសមុទ្រឈើកាត់ស្រុក កែវសីមា ស្រុក អូររាំង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងទស្សនារមណីយ ដ្ឋានល្បីៗ រួមមាន ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ សមុទ្រស្មៅ កន្លែងសំខាន់ៗនិងរីសតមួយចំនួននៅ ក្រុងសែន មនោរម្យ ។ ដល់រសៀលថ្ងៃដដែល បន្តដំណើរពីមណ្ឌលគិរី កាត់ស្រុកកោះញែកទៅទស្សនា តំបន់អភិវឌ្ឍន៍ច្រកទ្វារព្រំដែន អន្តរជាតិ អូរយ៉ាដាវ ។ រួចបន្តដំណើរត្រឡប់ទៅក្រុងបានលុង ខេត្តរតនគិរី ហើយទស្សនារមណីយដ្ឋាន បឹងយក្សឡោម ផងដែរ ។
ព្រឹកថ្ងៃទី២២ ខែកញ្ញា គណៈប្រតិភូបន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែង ទៅទស្សនាការអភិវឌ្ឍព្រំដែនត្រពាំងក្រៀល (ក្រុង បូរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង-ស្រុកមឿងខូងចម្ប៉ាសាក់)។ លុះរសៀល អាហារថ្ងៃត្រង់នៅក្រុងស្ទឹងត្រែង បន្តទៅទស្សនាប្រាសាទកោះកេរ៍ ក្នុងខេត្តព្រះវិហារ ហើយវិលត្រឡប់ទៅខេត្តបន្ទាយមានជ័យវិញប្រកបដោយសុខសុវត្ថិភាព ៕
ដោយ ៖ ឃិន គន្ធា