ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមពីធីកាន់បិណ្ឌ វេនទី៧ នៅវត្តពិភទ្ទរង្សី (ហៅវត្តចិនដំដែកខាងជើង)

(ភ្នំពេញ)៖ ឯកឧត្តម ខាយ ហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួង អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ នៅវត្តពិភទ្ទរង្សី (ហៅវត្តចិនដំដែកខាងជើង) វេនទី៧ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុផ្សេងៗ មានគ្រឿង​ឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងបច្ច័យកសាងវត្ត និងបច្ច័យមួយ​ចំនួនប្រគេន​ព្រះសង្ឃបង្សុកូល និងឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន ដែលបាន​ទទួលមរណៈកាល មាន មាតា បិតា ជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត​ដើម្បី​បុព្វ​ហេតុ​ជាតិមាតុភូមិ សូមបានទទួលនូវមគ្គផលកុសលផលបុណ្យនេះ និង​បួងសួង​ដល់ដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់បានឈោងឆាប់កំណើតទៅកាន់​ទីឋានបរមសុខ ហើយបែរក្រោយឱ្យពរជ័យដល់យើងខ្ញុំទាំងអស់ទទួលបាន​នូវពរជ័យ​ទាំង៥ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជា​ពុទ្ធសាសនិក​ជនប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់​ព្រះសង្ឃក្នុងរដូវវស្សា ពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឲ្យមានការលំបាកដល់ព្រះសង្ឃ​ក្នុងការនិមន្តបិណ្ឌបាត្រ។ នៅក្នុងឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបាន​ប្រារព្ធ​ឡើង​​ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner