បុគ្គលល្បី IShowSpeed ត្រូវបានហាមនៅសិង្ហបុរី
បរទេស៖ ខុសពីធម្មតា អ្នកបង្កើតមាតិកាយូបធូបដ៏មានឥទ្ធិពល ក្នុងបណ្តាញសង្គមល្បីឈ្មោះ លោក IShowSpeed បានបញ្ចប់ការផ្សាយផ្ទាល់ភ្លាមៗ ក្នុងពេលមានវត្តមាន នៅប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ។
ការផ្សាយបន្តផ្ទាល់ផ្លូវការ របស់លោក IShowSpeed បានចាប់ផ្តើម នៅជិតសកលវិទ្យា Universal Studios Singapore នៅម៉ោងប្រហែល ៣.៣០ រសៀល កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែ បានបញ្ចប់វិញភ្លាមៗ បន្ទាប់ពីដំណើរការ បានប្រហែលមួយម៉ោង។ នៅពេលកំពុងដើរនៅទីនោះ បុរសមានទ្រព្យសរុប ១០លានដុល្លារអាមេរិក ត្រឹមវ័យ១៩ឆ្នាំរូបនេះ ត្រូវបានបុគ្គលិកនៅទីនោះប្រាប់ លោកមិនត្រូវបានអនុញ្ញាតឱ្យធ្វើការផ្សាយបន្តផ្ទាល់ណាមួយ នៅលើកន្លែងទាក់ទាញឡើយ។ បន្ទាប់មក អេក្រង់ប្រែជាខ្មៅ យ៉ាងហោចណាស់ ១០ នាទី មុនពេលបញ្ចប់ការឡាយ។
អ្នកបង្កើតមាតិការបស់សិង្ហបុរីបាន ឈ្មោះ Jianhao Tan ដែលជួយ Speed ក្នុងការផ្សាយផ្ទាល់ ត្រូវបានរិះគន់ផងដែរ ជុំវិញការចោទថា គ្មានផែនការត្រឹមត្រូវ ចំពោះវត្តមានរបស់ Speed ។ យ៉ាងណាមិញ លោក Tan បានបញ្ជាក់ថា លោកទទួលបានការបញ្ជាក់ច្បាស់ថា Speed មកដល់ប្រទេសសិង្ហបុរី មុនមួយយប់។ Tan បានសរសេរទៀតថា ទោះជួបបញ្ហា Speed មិនបោះបង់ទេ ហើយបានព្យាយាម ព្យាយាមបន្តសកម្មភាព សម្រាប់អ្នកគាំទ្រ។
យ៉ាងណាមិញ ក្នុងពេលត្រលប់មកកម្ពុជា ជាលើកទី២ លោក Speed បាននិយាយថា ពិតជាជួបប្រទះបញ្ហា នៅប្រទេសសិង្ហបុរី ប៉ុន្តែ លោកថា លោកនឹងត្រឡប់ទៅប្រទេសសិង្ហបុរីវិញ។ លោកនិយាយថា
«សម្រាប់សិង្ហបុរី មានរឿងជាច្រើនដែលយើងមិននឹកស្មាន ប៉ុន្តែ យើងនឹងត្រលប់មកសិង្ហបុរីវិញ នៅថ្ងៃទី២៤ ខែកញ្ញា សូមកុំបារម្ភ យើងមិនរំលងសិង្ហបុរីទេ»។
យុវជនអាមេរិក រូបនេះ កំពុងទស្សនាតំបន់អាស៊ីអាគ្នេយ៍ ហើយការផ្សាយផ្ទាល់លោក នៅក្នុងប្រទេសមុនៗ បានឃើញអ្នកគាំទ្រចោមរោម ដែលត្រូវបានគេស្គាល់ជាទូទៅ គេស្គាល់ថា Speed ។
ជាការកត់សម្គាល់ ត្រឹមរយៈពេលមិនដល់១សប្តាហ៍ IShowSpeed បានមកដល់ប្រទេសកម្ពុជា ចំនួន២លើក ដោយលោកបានបង្កើតមាតិកា និងផ្សាយផ្ទាល់ នៅតាមទីសាធារណៈនានា រួមទាំងនៅខេត្តសៀមរាប ដោយលើកទីមួយ លោកបានចូលរួមក្នុងកម្មវិធី Gumball 3000 ជាមួយនឹងបុគ្គលល្បីៗ មកពីទូទាំងពិភពលោក។ សម្រាប់វត្តមាន ជាលើកទី២ កាលពីថ្ងៃទី២៣ ខែកញ្ញា លោក IShowSpeed បានទៅវត្តភ្នំ និងសារៈមន្ទីរជាតិ ស្វែងយល់ពីវប្បធម៌របស់ខ្មែរ និងផ្សាយបន្តផ្ទាល់ ពេញពិភពលោក។ វត្តមានរបស់ Speed ត្រូវបានគេជឿថា ជំរុញការផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅកាន់ពិភពលោក លើកស្ទួយវិស័យទេសចរណ៍៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត