កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍។ សេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ចែកចេញជា ៩ផ្នែក ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ (ស.អ.ប.អ.) ដែលជាឧបករណ៍ដ៏សំខាន់ក្នុងការរួមចំណែកសម្រេចបាននូវគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអនុវត្តប្រកបដោយចីរភាព។ ការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រនេះ បានចាប់ផ្តើមតាំងពីចុងត្រីមាសទី២ ឆ្នាំ២០២២ ដោយបានឆ្លងកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារលេខាធិការដ្ឋាន កិច្ចប្រជុំរវាងក្រុមការងារលេខាធិការដ្ឋាននិងក្រុមការងាររបស់អង្គការ UNFPA ជាច្រើនលើក ជាពិសេសបានឆ្លងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងកម្រិតបច្ចេកទេស ទាំងគណៈកម្មាធិការពិសេសកម្រិតនយោបាយ និងបានដាក់ពិនិត្យនិងពិភាក្សាក្នុងកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំអន្តរក្រសួងនៅទីស្តីការគណៈរដ្ឋមន្រ្តី។

នៅឆ្នាំ១៩៩៤ កម្ពុជាបានចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ (ស.អ.ប.អ.) នៅទីក្រុងគែរ ប្រទេសអេហ្ស៉ីប ដែលមានប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ចំនួន ១៧៩ ចូលរួម ហើយកម្ពុជាបានទទួលយកមកអនុវត្តនូវកម្មវិធីសកម្មភាពនៃ ស.អ.ប.អ.។ កម្មវិធីនេះ រៀបចំឡើងដើម្បីគិតគូរពីការរៀបចំកម្មវិធីសកម្មភាពអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងបញ្ហាចំនួនប្រជាជនមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ចាប់តាំងពីឆ្នាំ១៩៩៤មក គណៈកម្មការស្តីពីប្រជាជននិងអភិវឌ្ឍន៍ បានធ្វើការពិនិត្យតាមដាននិងវាយតម្លៃលើការអនុវត្តកម្មវិធីសកម្មភាពនៃ ស.អ.ប.អ. ក្នុងរយៈពេល៥ឆ្នាំម្តង។ ជាលទ្ធផល រាជរដ្ឋាភិបាលបានសម្រេចបង្កើត គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ដែលមានគណៈកម្មការអន្តរក្រសួងជាជំនួយបច្ចេកទេស និងគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍រាជធានី ខេត្ត ជាស្ថាប័នសម្របសម្រួលថ្នាក់ក្រោមជាតិ។ អគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍នៃក្រសួងផែនការ ជាលេខាធិការដ្ឋានសម្រាប់សម្របសម្រួលការងារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕
ដោយ៖ពលជ័យ

ads banner