គ្រួសារលីបង់រួមទាំងក្មេងតូចៗផ្សងព្រេងតាមផ្លូវទាំងកណ្តាលអធ្រាត្រ
បរទេស៖ អ្នកឆ្លើយឆ្លងព័ត៌មាន AFP បាននិយាយថា គ្រួសាររាប់រយនាក់ បានសម្រុកភៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូង នៃទីក្រុង Beirut ប្រទេសលីបង់ ដោយជាប់គាំងនៅតាមផ្លូវ ពេញមួយយប់នៅថ្ងៃសុក្រ បន្ទាប់ពីអ៊ីស្រាអែលបានវាយលុកតំបន់នោះ និងបានព្រមានស្រុកមួយចំនួន ឱ្យជម្លៀសពលរដ្ឋចេញ។
កងទ័ពអ៊ីស្រាអែលបាននិយាយថា ពួកគេបានកំណត់គោលដៅវាយប្រហារលើទីស្នាក់ការកណ្តាល របស់ Hezbollah នៅក្នុងតំបន់នោះ។ ការកកស្ទះបានកើតឡើង នៅពាក់កណ្តាលអធ្រាត្រ នៅតាមដងផ្លូវ ស្ថិតក្នុងភាពងងឹត ដោយសារការដាច់ចរន្តអគ្គិសនី។ បុរស ស្ត្រី និងកុមារតូចៗ បានដើរជុំវិញទីនោះ ឬ អង្គុយនៅលើដី។
ជនភៀសខ្លួនឈ្មោះ Radwan Msallam បាននិយាយថា «យើងនៅផ្ទះសុខៗ ក៏មានការអំពាវនាវឱ្យជម្លៀស។ យើងបានយកឯកសារអត្តសញ្ញាណរបស់យើង របស់របរមួយចំនួន ហើយយើងបានចាកចេញភ្លាមៗ»។
ឪពុកមានកូនប្រាំមួយនាក់ ដែលមានអាយុចន្លោះពី ៣ទៅ ១៧ ឆ្នាំ រូបនេះ បាននិយាយថាពួកគេ «គ្មានកន្លែងដែលត្រូវទៅទេ» ដោយបន្ថែមថាពួកគេមិនអាចត្រឡប់ទៅប្រទេសកំណើតរបស់គាត់ដែលហែកហួរដោយសង្រ្គាមបានទេ។
ក្រសួងសុខាភិបាលលីបង់បាននិយាយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៩២ នាក់ក្នុងប្រទេស និង ១៥៣នាក់រងរបួស ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ចំនួនអ្នកស្លាប់កាលពីថ្ងៃព្រហស្បតិ៍នាំឱ្យចំនួនអ្នកស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ប្រមាណ១សប្តាហ៍នេះ កើនដល់ដល់ជាង ៧០០នាក់ហើយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត